ក្រសួងការបរទេសកម្ពុជា សម្តែងនូវការសោកស្តាយចំពោះការលើកឡើងរបស់ភាគីថៃ ដែលពុំមានសង្គតិភាពទៅនឹងការពិតដែលបានកើតមានឡើង
ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឆ្លើយបំភ្លឺទៅនឹងការលើកឡើងរបស់ក្រសួងការបរទេសថៃ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញ ជាពិសេសគឺការអំពាវនាវរបស់ក្រសួងការបរទេសថៃឱ្យមានកិច្ចចរចា ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សូមអះអាងជាថ្មីម្តងទៀតអំពីការតាំងចិត្តដោយឥតងាករេរបស់កម្ពុជាចំពោះការរកដំណោះស្រាយដោយសន្តិវិធីនូវរាល់បញ្ហាដែលកើតមានជាមួយនឹងភាគីថៃ ស្របទៅតាមច្បាប់អន្តរជាតិ និងបណ្តាគោលការណ៍ដែលមានចែងនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០។
ថ្លែងនៅក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាង កម្ពុជា-ថៃ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជុំ សុន្ទរី បានថ្លែងថា នៅពេលដែលយើងធ្វើការកត់ត្រាអំពីការអំពាវនាវខាងលើរបស់ថៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការសោកស្តាយចំពោះការលើកឡើងរបស់ភាគីថៃ ដែលពុំមានសង្គតិភាពទៅនឹងការពិតដែលបានកើតមានឡើង ដោយខាងកម្ពុជាសូមអំពាវនាវឱ្យភាគីថៃធ្វើឱ្យមានភាពស៊ីគ្នារវាងពាក្យសម្តី និងសកម្មភាពជាក់ស្តែងចៀសវាងនូវសកម្មភាពបង្ករឿង ការគោរពចំពោះកិច្ចព្រមព្រៀងឈប់បាញ់ និងការធានានៃការប្រព្រឹត្តទៅស្របទៅតាមគោលការណ៍មនុស្សធម៌ ព្រមទាំងការដោះលែងជាបន្ទាន់នូវយោធារបស់កម្ពុជាដែលស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ។
ឯកឧត្តមអ្នកនាំពាក្យបានបន្តថា កម្ពុជាសូមអំពាវនាវឱ្យភាគីថៃបង្ហាញនូវការតាំងចិត្តពិតប្រាកដចំពោះដំណើរការនៃការរកដំណោះស្រាយដោយសន្តិវិធី ដោយការចូលរួមដោយស្មោះនៅក្នុងក្របខ័ណ្ឌនៃច្បាប់ ដែលភាគីទាំងពីរបានឯកភាពគ្នា។ ទន្ទឹមនេះ បញ្ឈប់នូវការធ្វើអ្វីៗជាឯកតោភាគី និងចូលរួមដោយស្ថាបនានៅក្នុងកិច្ចពិភាក្សាដោយផ្អែកទៅលើឯកសារដែលបានទទួលស្គាល់ទៅវិញទៅមករវាងភាគីទាំងពីរ។
ឯកឧត្តម ជុំ សុន្ទរី បានគូសបញ្ជាក់ទៀតថា កម្ពុជាបានបង្ហាញជាប់ជាប្រចាំនូវសុឆន្ទៈរបស់ខ្លួនក្នុងការចូលរួមដោយសុទ្ធចិត្តក្នុងការចរចាជាមួយភាគីថៃ ហើយថាកម្ពុជាបានចូលរួមយ៉ាងពេញលេញនៅក្នុងការអនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់។ ឯកឧត្ដមបានអះអាងទៀតថា កម្ពុជានៅតែបើកចំហរដើម្បីកិច្ចសន្ទនាដោយស្មោះស្ម័គ្រ និងសូមគូសបញ្ជាក់ជាថ្មីម្តងទៀតនូវការត្រៀមខ្លួនរបស់កម្ពុជាដើម្បីធ្វើការដោយជិតស្និទ្ធជាមួយភាគីថៃ និងដៃគូអន្តរជាតិនានា ដើម្បីការធានាបាននូវដំណោះស្រាយដោយយុត្តិធម៌ សន្តិវិធី និងស្ថិតស្ថេរសម្រាប់ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕