ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញសំណេះសំណាលជាមួយមេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២
ឧត្តរមានជ័យ៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជា្របធានយុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញសំណេះសំណាលជាមួយលោកវរសេនីយ៍ឯក ពៅ ធុច មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី ៤ តំណាងឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹក រឭកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជាមួយនឹងការថ្លែងអំណរគុណចំពោះវីរភាព និងឆន្ទៈដ៏មោះមុត ក្រាញននៀល របស់កងពលតូចថ្មើរជើងលេខ៤២ ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងបូរណភាពទឹកដី និងប្រាសាទដែលជាកេរ្ត៍ដំណែលរបស់ដូនតាខ្មែរបានបន្សល់ទុកឱ្យ ពីការឈ្លានពានរបស់ទ័ពសៀម ដែលតែងតែចង់បានរបស់ខ្មែរ។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានជូនពរដល់កងពលតូចថ្មើរជើងលេខ៤២ ជួបតែសេចក្ដីសុខ និងសេចក្ដីចម្រើន ហើយនៅបន្តឈរជើងយ៉ាងរឹងមាំដើម្បីការពារព្រំដែន និងប្រទេសជាតិ។
នាឱកាសនោះដែរឯកឧត្តមបណ្ឌិត ក៏បានផ្ដល់អំណោយរបស់សម្ដេចធិបតី និងសប្បុរជន មានទុយោទឹក HDPE 5OPN10 (3.0) ប្រវែង២,០០០ម៉ែត្រ ជូនទៅលោកវរសេនីយ៍ឯក ពៅ ធុច មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី ៤ តំណាងឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ និងថវិការចំនួន៥លានរៀលផងដែរ៕