ក្រសួងអភិវឌ្ឍន៍ជនបទ ចុះវាយតម្លៃការងារថែទាំខួបផ្លូវជាច្រើនខ្សែ នៅក្នុងខេត្តកំពង់ចាម

ភ្នំពេញ : ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការស្ថាបនាផ្លូវ ស្តារ ថែទំា និងការកែលម្អហេដ្ឋរចនាសម្ព័ន្ធផ្លូវតាមជនបទ គឺជារឿងចាំបាច់ក្នុងការ បន្តជំរុញធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីបង្កើនប្រាក់ចំណូលប្រចាំថ្ងៃតាមគ្រួសារនីមួយៗ ឱ្យមានជីវភាពកាន់តែធូរធារ។
លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងនៅក្នុងការដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំខួបផ្លូវចំនួន ២ គម្រោង ក្នុងខេត្តកំពង់ចាម នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នេះថា ជុំវិញការអភិវឌ្ឍន៍នៅតាមជនបទ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា, ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកំពុង បន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការស្តារ, ថែទាំ, ការស្ថាបនា, និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ដឹកជញ្ជូននៅជនបទ ដែលនេះជាជំរុញការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីបង្កើនប្រាក់ចំណូលប្រចាំថ្ងៃដល់ គ្រួសារនីមួយៗ ឱ្យមានជីវភាពរស់នៅសមរម្យ។
លោកជំទាវ លើកឡើងបន្ថែមថា ជុំវិញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅជនបទនេះដែរ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយឯកឧត្តមរដ្ឋមន្រ្តី តែងតែអញ្ជើញចុះពិនិត្យជាប្រចាំ លើការងារស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើយ៉ាងណាជំរុញឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ព្រោះផ្លូវគឺជា ដង្ហើមនៃសេដ្ឋកិច្ចដ៏សំខាន់ផងដែរដូចជា ការដឹកជញ្ជូនកសិផលពីមូលដ្ឋានទៅកាន់ទីផ្សារ និងការដឹកទំនិញពីផ្សារមកផ្គត់ផ្គង់នៅតាម មូលដ្ឋាន និងការបង្កើតអាជីវកម្មផ្សេងៗជាដើម។
លោកជំទាវ ឯក គន្ធវារី ក៏បានកោតសរសើរដល់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាម ដែលបានខិតខំប្រឹងប្រែង និងថែទាំរហូត ដល់ផុតសុពលភាព ដោយរក្សានូវគុណភាពផ្លូវល្អប្រសើរ ដែលនេះគឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល នៅលើការងារលើក កម្ពស់ផ្លូវ សម្រាប់ប្រើប្រាស់យូរអង្វែងដល់សាធារណជនធ្វើដំណើរទូទៅ។
សូមបញ្ជាក់ថា គម្រោងទី១, ការងារថែទាំខួបផ្លូវចំនួន ៣ ខ្សែ ដោយក្រាលល្បាយក្រួស ប្រវែងសរុបជាង ១៨ គីឡូម៉ែត្រ, ទទឹង ៤,៥ ម៉ែត្រ ៥ម៉ែត្រ និង៦ម៉ែតភ្នំពេញ និងសាងសង់លូមូលចំនួន៥កន្លែង ស្ថិតក្នុងឃុំខ្នុរដំបង ឃុំផ្តៅជុំ ឃុំសូទិព្វ និងឃុំដងក្តារ ស្រុកជើងព្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ចំណែកគម្រោងទី២, ការងារថែទាំខួបផ្លូវដោយក្រាលកៅស៊ូ DBST បន្ថែមពីលើ (Reseal DBST) ចំនួន ១ ខ្សែ (ថ្នល់បំបែក-បុសថ្លាន់) ប្រវែងជាង ១១ គីឡូម៉ែត្រ, ទទឹង ៦ ម៉ែត្រ, គូសគំនូសចរាចរណ៍ទំហំជាង ២ ពាន់ម៉ែត្រការ៉េ ស្ថិតនៅ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ដែលគម្រោងអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាម៕

You might also like