លេងហ្វេសប៊ុក ឆាតចុះ ឆាតឡើង ណាត់គ្នារួមមេត្រី ត្រូវម្តាយខាងស្រី ប្តឹងសមត្ថកិច្ចឃាត់ខ្លួន ចោទថា រំលោភ
ខេត្តកណ្តាល ៖ ឆាតតាម Messenger Facebook ក្លាយជាស្នេហាណាត់ជួបមុខ ឈានដល់ការ រួមភេទជាមួយក្មេងស្រីរងគ្រោះ(ជាអនីតិជនអាយុក្រោម១៥ឆ្នាំ)។ ហេតុការណ៍បានកើតឡើងកាលពី ថ្ងៃទី០៥ខែសីហាឆ្នាំ២០២៥ នៅចំណុចក្នុងតូបជួសជុលម៉ូតូ ស្ថិតនៅ ក្នុងភូមិព្រែកលួង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល និងត្រូវសមត្ថកិច្ចតាមស្រាវជ្រាវ តាមពាក្យបណ្តឹង រហូតឈានទៅឃាត់ខ្លួនបុរសជាជនសង្ស័យ នៅថ្ងៃទី០៧ខែសីហាឆ្នាំ២០២៥។
ដើមបណ្តឹងឈ្មោះ ឃន សុភឿន ភេទស្រីអាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ តម្បាញ មានទីលំនៅក្នុងភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវជាម្តាយបង្កើតរបស់ ក្មេងស្រីរងគ្រោះ អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅ ក្នុងបន្ទុកគ្រួសារ ។ ចំនែកបុរសជាជនសង្ស័យមានឈ្មោះ ផល សុខពិសិដ្ឋ អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាង ម៉ាស៊ីនត្រជាក់ មានទីលំនៅក្នុងភូមិព្រែកបង្កង សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។ វត្ថុតាងដកហូត ទូរស័ព្ទម៉ាក Iphone ចំនួន ០១គ្រឿង ។
កន្លងមកក្មេងស្រីរងគ្រោះនិងជនសង្ស័យ បានស្គាល់គ្នាតាមរយៈកម្មវិធីឆាត (Messenger Facebook ) ដោយបានលេងឆ្លើយឆ្លងជាមួយគ្នាទៅវិញមករហូតឈានដល់ការស្រលាញ់គ្នា និងធ្លាប់បានណាត់ជួបគ្នាចំនួន ០១លើកទៀតផង។ លុះនៅថ្ងៃកើតហេតុ ជនសង្ស័យបានឆាតណាត់ជួបគ្នាជាមួយក្មេងស្រីរងគ្រោះម្តងទៀតនៅចំណុចជិតផ្ទះយាយម្នាក់ នៅភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល រួចជនសង្ស័យបានបបួលជនរងគ្រោះជិះម៉ូតូថាទៅដេកលេងនៅខាងព្រែកលួង។ ដោយមានចិត្តស្រលាញ់ ទើបក្មេងរងគ្រោះព្រមជិះម៉ូតូទៅជាមួយ និងបានសួរទៅជនសង្ស័យថា យើងទៅណា ? ជនសង្ស័យក៏បានប្រាប់ថា ទៅដេកនៅខាងវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ហើយក្មេងស្រីរងគ្រោះសួរទៀតថា ម្តេចទៅឆ្ងាយម្លេះ ? និយាយរួច ជនសង្ស័យក៏បានបត់ម៉ូតូចូលទៅកន្លែងកើតហេតុ ក្នុងតូបជួសជុលម៉ូតូ ដោយអ្នកទាំងពីរ បានព្រមព្រៀង រួមមេត្រី រហូតដល់វេលាម៉ោង ២២និង០០នាទី ទើបជនសង្ស័យបើកម៉ូតូឌុបជនក្មេង ស្រីរងគ្រោះទៅផ្ទះ តែដោយនាងខ្លាចក្រុមគ្រួសារដឹង ក៏បានប្រាប់ទៅជនសង្ស័យឲ្យឈប់ម៉ូតូដាក់ត្រឹមមុខវត្តកន្ទីយ៉ារាម ស្ថិតនៅភូមិព្រែកថោង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ។ បន្ទាប់មកជនរងគ្រោះបានទូរស័ព្ទហៅបងប្អូនឲ្យមកយកទៅផ្ទះនិងបាននិយាយរៀបរាប់អំពីរឿងហេតុខាងលើប្រាប់ទៅម្តាយ ។ មិនបង្អង់យូរ ម្តាយក្មេងស្រីរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកលួងតែម្តង ។
ក្រោយទទួលបានពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះភ្លាម សមត្ថកិច្ចក៏ផ្តើម ធ្វើការស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ផល សុខពិសិដ្ឋ បាន នៅថ្ងៃទី០៧ខែសីហាឆ្នាំ២០២៥ យកមកសាកសួរ ។
ជនសង្ស័យបានសារភាពថា ខ្លួនគេពិតជាបាន ធ្វើសកម្មភាពរួមភេទជាមួយក្មេងស្រីរងគ្រោះ ពិតប្រាកដមែន។ ជនសង្ស័យ បាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីធ្វើការសាកសួរ និងអនុវត្តន៍បន្តតាមផ្លូវច្បាប់៕