អភិបាលខេត្តតាកែវ ធ្វើពិធីបួងសួងសុំសេចក្ដីសុខជូនថ្នាក់ដឹកនាំ និងវីរកងទ័ព

អភិបាលខេត្តតាកែវឯកឧត្តម វ៉ី សំណាង នៅថ្ងៃសៅរ៍ទី៩ ខែសីហា ឆ្នាំ ២០២៥ នេះបានដឹកនាំមន្ត្រីរាជការខេត្តតាកែវរៀបចំពិធី បួងសួងសុំសេចក្ដីសុខចម្រើនជូនថ្នាក់ដឹកនាំ វីរៈកងទ័ព មន្រ្តីរាជការ ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា នៅវត្តភ្នំខ្លែង ស្ថិតនៅឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។
នៅក្នុងពិធីនោះឯកឧត្តមអភិបាលខេត្តតាកែវ បានធ្វើការបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណបុណ្យព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទេវតា ថែរក្សាព្រះស្វេតឆ័ត្រ ទេវតាថែរក្សាចក្រវាល សូមតាមជួយអភិបាល ប្រោះព្រំ បីបាច់ថែរក្សា និងប្រសិទ្ធពរជ័យដល់ថ្នាក់ដឹកនាំប្រទេស មន្រ្តីរាជការគ្រប់ជាន់ថ្នាក់និងបងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស បានសមប្រកបតែសេចក្តីសុខ សេចក្តីចម្រើន ចៀសផុតពីជំងឺឧបទ្រពចង្រៃ ចៀសផុត ពីគ្រោះធម្មជាតិផ្សេងៗ ។
ឯកឧត្តម វ៉ី សំណាង ក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកជាពិសេសបារមីវត្តភ្នំខ្លែង សូមជួយបីបាច់ថែរក្សាដល់វិរៈកងទ័ពដែលកំពុងតែឈរជើងជួរមុខ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃមានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងការការពារបូរណភាពទឹកដីខ្មែរនិងសូមឲ្យបារមីវត្តភ្នំខ្លែងជួយបញ្ជៀសចេញបណ្ដេញចោលឲ្យអស់បច្ចាមិត្តដែលប៉ុនប៉ងឈ្លានពានបូរណភាពទឹកដីឲ្យជៀសឆ្ងាយចេញពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕

You might also like