សម្តេចតេជោ ឲ្យពលរដ្ឋពិចារណាខ្លួនឯង ក្រោយវិដេអូក្រុមក្បត់ជាតិ សរសើរទាហានឈ្លានពានថៃហើយបង្អាប់កងទ័ពខ្មែរទៅវិញ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអគ្គភស្តុភារ ហិរញ្ញវត្ថុកងកម្លាំងប្រដាប់អាវុធកម្ពុជា បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសធ្វើការពិចារណាដោយខ្លួនឯង បន្ទាប់ពីស្តាប់នូវវិដេអូរបស់ក្រុមក្បត់ជាតិ ដែលបានលើកសរសើរកងទ័ពឈ្លានពានថៃ ហើយបែរជាមកបង្អាប់ និងមូលបង្កាច់កងទ័ពខ្មែរគ្នាឯង ដោយចោទថាទាហានខ្មែរយើងបាញ់ខុសគោលដៅទាហានថៃ បែរជាទៅចំជនស៊ីវិលថៃទៅវិញ។
តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការហួសចិត្តចំពោះក្រុមក្បត់ជាតិទាំងនោះ ដោយមិនថាតើគេជាមនុស្ស ឬជាសត្វ? តើគេស្នេហាជាតិឬក្បត់ជាតិ?។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «បងប្អូនជនរួមជាតិជាទីស្រឡាញ់! នៅពេលប្រជាជន និងកងទ័ពយើងបាននិងកំពុងរងទុក្ខវេទនាដោយការឈ្លានពានរបស់ថៃដែលក្នុងនោះសាលារៀន វត្តអារាម ផ្ទះប្រជាជនរហូតដល់ប្រាសាទបុរាណរាប់ទាំងប្រាសាទព្រះវិហារត្រូវកងទ័ពថៃបាញ់ប្រហារ បង្ខំឲ្យប្រជាជនរាប់ម៉ឺនគ្រួសារត្រូវរត់ចោលផ្ទះសំបែងក្លាយជាជនភៀសសឹក ដែលជាការឈឺចាប់របស់ជាតិទាំងមូលនោះហេតុអ្វីបានជាមានជនជាតិខ្មែរម្នាក់មកនិយាយសរសើរកងទ័ពថៃឈ្លានពាន និងបង្អាប់កងទ័ពខ្មែរទៅវិញ»។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «តើគេជាមនុស្សឬជាសត្វ? តើគេស្នេហាជាតិឬក្បត់ជាតិ? សូមបងប្អូនស្តាប់និងគិតខ្លួនឯងផងចុះ។ ខ្ញុំសុខចិត្តប្រើផេកផ្លូវការរបស់ខ្ញុំ ដែលមានមនុស្សតាម ១៥លាននាក់ជួយផ្សព្វផ្សាយសំដីពិតរបស់គាត់ដូចមានភ្ជាប់ជាមួយ»៕

You might also like