ថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីនគរបាលខេត្តមណ្ឌលគិរី និងពង្រឹងសន្តិសុខសណ្នាប់ធ្នាប់តាមក្រវ៉ាត់ព្រំដែន

ខេត្តមណ្ឌលគិរី ៖ អគ្គស្នងការរងនគរបាលជាតិ បានជម្រុញដល់មន្ត្រីនគរបាលទូទាំងខេត្តមណ្ឌលគិរី ត្រូវបន្តអនុវត្តរាល់បទបញ្ជាដែលថ្នាក់ដឹកនាំប្រគល់ឲ្យ ជាពិសេស ការរឹតបន្តឹងសន្តិសុខតាមក្រវ៉ាត់ព្រំដែន ពីបញ្ហាការជួញដូរគ្រឿងញៀន និងការជួញដូរមនុស្សឆ្លងដែនជាដើម ។

ថ្លែងក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ថា ក្នុងនាមជាអ្នកដឹកនាំ និងការពារ ត្រូវត្រួតពិនិត្យឲ្យបានល្អិតល្អន់ ចំពោះកម្លាំងរបស់ស្នងការដ្ឋាន ត្រូវរៀបចំឲ្យបានត្រឹមត្រូវ ក៏ដូចជាសម្ភារ សព្វាវុធ ត្រូវត្រួតពិនិត្យមើលឡើងវិញ ដើម្បីឱ្យការត្រៀមលក្ខណៈបានល្អ និងត្រូវរៀបចំកន្លែងស្នាក់នៅ ហូបចុក កន្លែងហ្វឹកហាត់ គ្រូបង្វឹក ឱ្យបានល្អប្រសើរ ជូនដល់កងកម្លាំងរបស់យើង។ ឧត្តមសេនីយ៍ឯក កឹង ឃន ក៏បានលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ ត្រូវពង្រឹងការអនុវត្តការងារ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងត្រូវបន្តហ្វឹកហាត់យុទ្ធវិធីជាប្រចាំ ការប្រើប្រាស់អាវុធ និងរបៀបការពារខ្លួនឱ្យបានស្ទាត់ជំនាញ ដើម្បីបង្កើននូវសមត្ថភាពរបស់ខ្លួន និងត្រូវសហការគ្នាឱ្យកាន់តែល្អ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។
លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្នុងរយៈពេលកន្លងទៅនេះ កម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្ត បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនប្រកបដោយ ស្មារតីទំនួលខុសត្រូវខ្ពស់ នូវរាល់សេចក្ដីណែនាំ សេចក្តីសម្រេច បទបញ្ជា ក៏ដូចជាគោលការណ៍ណែនាំរបស់ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី ក្នុងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដោយទទួលបាននូវលទ្ធផលល្អប្រសើរជាទីមោទនៈ ។ លោកឧត្តមសេនីយ៍ទោ ស្នងការ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ នៃអគ្គស្នងការនគរបាលជាតិ ដែលបានឧបត្ថម្ភគាំទ្រ ទាំងផ្នែកធនធាន និងស្មារតី ជូនដល់កងកម្លាំងនគរបាលខេត្តមណ្ឌលគិរី ។
សម្រាប់គ្រឿងឧបភោគបរិភោគ ថវិកា និងសម្ភារៈប្រើប្រាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ បានផ្តល់ជូននាពេលនេះ ត្រូវបានបែងចែកដល់បណ្តាមន្ត្រីប៉ុស្តិ៍ការពារព្រំដែនទាំងអស់ ដែលកំពុងឈរជើងយាមល្បាតតាមបន្ទាត់ព្រំដែន ដើម្បីជួយសម្រួលជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ៕

You might also like