លោក Trump បន្ថែមពេលកំណត់ការដំឡើងពន្ធលើប្រទេសចិន ចំនួន៩០ ថ្ងៃ ថែមទៀត
មន្ត្រីសេតវិមានបានប្រាប់ទូរទស្សន៍ CNBC ថា លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃចន្ទសប្ដា៍នេះ បានពន្យារពេលដំឡើងពន្ធដ៏ខ្ពស់របស់សហរដ្ឋអាមេរិកលើទំនិញរបស់ចិនរយៈពេល ៩០ ថ្ងៃបន្ថែមថែមទៀត។
ការដំឡើងពន្ធទាំងនោះ ត្រូវបានកំណត់ឱ្យបន្តនៅថ្ងៃអង្គារសប្ដាហ៍នេះ។ ប៉ុន្តែលោក Trump បានចុះហត្ថលេខាលើក្រឹត្យមួយ ប៉ុន្មានម៉ោងមុន ដែលពន្យារពេលដល់ពាក់កណ្តាលខែវិច្ឆិកា។
ការពន្យារពេលនេះគឺជាលទ្ធផលដែលរំពឹងទុកពីជុំចុងក្រោយនៃការពិភាក្សារវាងក្រុមអ្នកចរចាពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងសមភាគីចិន របស់ខ្លួន ដែលបានធ្វើឡើងនៅទីក្រុង Stockholm ប្រទេសស៊ុយអែត កាលពីចុងខែកក្កដា។
ប្រសិនបើថ្ងៃផុតកំណត់មិនត្រូវបានពន្យារពេលទេ នោះពន្ធកាតព្វកិច្ចរបស់សហរដ្ឋអាមេរិកលើប្រទេសចិននឹងត្រូវអនុវត្តនៅខែមេសា នៅពេលសង្រ្គាមពន្ធរវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតទាំងពីររបស់ពិភពលោកឈានដល់កម្រិតកំពូល។
នៅពេលនោះ លោក Trump បានដំឡើងពន្ធលើការនាំចូលរបស់ចិនដល់ទៅ១៤៥% ហើយប្រទេសចិនបានសងសឹកបកវិញក្នុងអត្រាពន្ធចំនួន ១២៥ % លើទំនិញរបស់សហរដ្ឋអាមេរិក។
ប៉ុន្តែភាគីទាំងពីរបានយល់ព្រមផ្អាកការយកពន្ធទាំងនោះភាគច្រើននៅក្នុងខែឧសភា បន្ទាប់ពីក្រុមអ្នកចរចាបានជួបគ្នាជាលើកដំបូងនៅទីក្រុងហ្សឺណែវ។ សហរដ្ឋអាមេរិកបានទម្លាក់ពន្ធរបស់ខ្លួនមកត្រឹម ៣០% ហើយចិនបានទម្លាក់ការយកពន្ធមកត្រឹម ១០%៕