ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួល និងបញ្ចប់សុពលភាព ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ
ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម(គល) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង ដែលរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីជំនាញរបស់នាយកដ្ឋានវិស្វកម្ម អញ្ជើញចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួល និងបញ្ចប់សុពលភាព ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។
សូមជម្រាបថា ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារអន្តរក្រសួង បានអញ្ជើញចុះពិនិត្យជាក់ស្តែងការអនុវត្តគម្រោងការងារចំនួន ៤ទីតាំងគឺ៖
ទី១)ការងារស្តារឡើងវិញប្រព័ន្ធធារាសាស្រ្តដំណាក់ឈើក្រំ និងសាងសង់សំណង់សិល្បការ្យ ស្ថិតនៅឃុំផ្ទះរុង និងឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ក្រោយចប់ធានា គុណភាពរយៈពេល ១២ខែ។
ទី២)ការងារស្ដារឡើងវិញសំណង់ស្ទាក់ទឹកសាលាតាអន និងសាងសង់សំណង់សិល្បការ្យ ស្ថិតនៅ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្រោយចប់ធានាគុណភាពរយៈពេល ១២ខែ។
ទី៣)ការងារស្ដារឡើងវិញប្រឡាយមេព្រៃខ្ពស់ និងសាងសង់សំណង់សិល្បការ្យ ស្ថិតនៅឃុំ ចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ក្រោយចប់ធានាគុណភាពរយៈពេល ១២ខែ។
ទី៤)ការងារជួសជុលទំនប់អាងទឹកកណ្តែក និងសាងសង់សំណង់សិល្បការ្យ ស្ថិតនៅសង្កាត់ កូនគ្រៀល ក្រុង សំរោង ខេត្តឧត្តរមានជ័យ សម្រេចបាន ១០០%។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា ប្រព័ន្ធធារាសាស្ត្រទាំងបួនទីតាំងខាងលើទទួលការជួសជុល និងស្តារបានត្រឹមត្រូវល្អទៅតាមបទដ្ឋានបច្ចេកទេស រួមទាំងសោភ័ណភាព។ ឯកឧត្តមរដ្ឋលេខាធិការណែនាំមន្ដ្រីបច្ចេកទេសឱ្យបន្ដពង្រឹង និងបង្កើនការយកចិត្តទុកបន្ថែមទៀតដើម្បីសារប្រយោជន៍រួមយូរអង្វែង៕