អគ្គនាយកស៊ីម៉ាក់៖ សង្គ្រាមរយៈពេល៥ថ្ងៃកន្លងទៅ​ ភាគីថៃប្រើប្រាស់កាំភ្លើងធំ១១៥មម​ ជាមួយកូនគ្រាប់បែកចង្កោមក្នុងនោះចំនួន៥៦

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានគូសបញ្ជាក់ថា នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះថា ក្នុងសង្គ្រាមរយៈពេល៥ថ្ងៃកន្លងទៅថ្មីៗនេះ​ ភាគីថៃបានប្រើប្រាស់កាំភ្លើងធំ១១៥មម​ ជាមួយកូនគ្រាប់បែកចង្កោមប្រភេទM46 ដែលក្នុងគ្រាប់ផ្លោងមួយគ្រាប់មានកូនគ្រាប់បែកចំនួន៥៦។

ឯកឧត្តម បានបន្តថា កូនគ្រាប់បែកចង្កោម ដែលបាញ់ហើយមិនផ្ទុះ​ មានហានិភ័យខ្ពស់ណាស់​ ដោយអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលា​។ គ្រាប់បែកចង្កោមទាំងនោះ​ អាចស្ថិតនៅលើដើមឈើ លើដំបូលផ្ទះ​ លើដី​ ឬក្នុងដី​ និងក្នុងទឹកជាដើម។

តាមអគ្គនាយកស៊ីម៉ាក់ បានបន្តថា កម្លាំងអង្គភាព CMAC បានរកឃើញគ្រាប់បែកខាងលើនេះនៅភូមិសាស្ត្រមួយចំនួន​ និងកំពុងតែមមាញឹកចុះស្រាវជ្រាវ​ ហ៊ុំព័ទ្ធដាក់ស្លាកសញ្ញា​ និងធ្វើការបោសម្អាតផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋ។

មន្ត្រីជាន់ខ្ពស់ខាងលើ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយត្ន័ខ្ពស់នៅតំបន់រងផលប៉ះពាល់ ដែលមាននៅតាមភូមិឋានក្នុងស្រុកសំរោង​ ស្រុកបន្ទាយអំពិល​នៃខេត្តឧត្តរមានជ័យ​ និងស្រុកជាំក្សាន្តនៃខេត្តព្រះវិហារ។

ជាមួយគ្នានោះ ក្នុងករណីឃើញ ឬសង្ស័យគ្រាប់បែកចង្កោម​ ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ​ ឯកឧត្តម ហេង រតនា បានណែនាំឱ្យទាក់ទងមន្ត្រីជំនាញអង្គភាពស៊ីម៉ាក់​ ឬអាជ្ញាធរមូលដ្ឋាន​ ឬកងកម្លាំងនគរបាលជាតិនៅជិតបំផុត​ ដើម្បីជួយដោះស្រាយជូន។

សូមបញ្ជាក់ថា​ ច្បាប់អន្តរជាតិហាមប្រើប្រាស់គ្រាប់បែកចង្កោមបានចូលជាធរមាន​នៅឆ្នាំ២០១០ និងមានប្រទេសចំនួន១២៣ចូលរួម​ក្នុងអនុសញ្ញាអន្តរជាតិមួយនេះ៕ ដោយ៖ កន ចំណាន

You might also like