អ៊ីស្រាអែលទម្លាក់គ្រាប់បែកលើក្រុងហ្កាហ្សា ខណៈមេដឹកនាំក្រុមហាម៉ាស ទៅអេហ្ស៊ីប ដើម្បីសង្គ្រោះកិច្ចចរចាបទឈប់បាញ់
អ្នកមើលឃើញហេតុការណ៍ និងក្រុមគ្រូពេទ្យ បាននិយាយកាលពីថ្ងៃអង្គារ ១២ សីហាថា យន្តហោះ និងរថក្រោះរបស់អ៊ីស្រាអែល បានបន្តទម្លាក់គ្រាប់បែក និងបាញ់ស្រាចលើតំបន់ភាគខាងកើតនៃទីក្រុងហ្កាហ្សាទាំងយប់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ នាក់ ខណៈមេដឹកនាំក្រុមហាម៉ាសលោក Khalil Al-Hayya កំពុងស្ថិតនៅទីក្រុងគែរ (Cairo) ប្រទេសអេហ្ស៊ីប ដើម្បីពិភាក្សាស្តារផែនការបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិក។
ជុំចុងក្រោយនៃកិច្ចចរចាដោយប្រយោលក្នុងប្រទេសកាតា បានបញ្ចប់ក្នុងភាពជាប់គាំងនៅចុងខែកក្កដា ដោយអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ស្តីបន្ទោសដាក់គ្នា ជុំវិញកង្វះវឌ្ឍនភាពលើសំណើរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់រយៈពេល៦០ថ្ងៃ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង។ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបាននិយាយថា ខ្លួននឹងបើកការវាយលុកថ្មី និងដណ្តើមកាន់កាប់ទីក្រុងហ្កាហ្សា ដែលខ្លួនបានក្ដោបក្ដាប់ភ្លាមៗបន្ទាប់ពីការផ្ទុះសង្គ្រាមនៅក្នុងខែតុលា ឆ្នាំ ២០២៣ មុនពេលដកចេញ។
មន្ត្រីក្រុមហាម៉ាសលោក Taher al-Nono បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចប្រជុំរបស់ក្រុមហាម៉ាសជាមួយក្រុមមន្ត្រីអេហ្ស៊ីប ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃពុធសប្ដាហ៍នេះ នឹងផ្តោតលើមធ្យោបាយដើម្បីបញ្ឈប់សង្គ្រាម ការផ្តល់ជំនួយ និងបញ្ចប់ការឈឺចាប់របស់ប្រជាជនរបស់យើងនៅក្នុងដែនដីហ្កាហ្សា។
ផែនការរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ក្នុងការពង្រីកការគ្រប់គ្រងយោធាលើតំបន់ហ្កាហ្សា ដែលរំពឹងថានឹងចាប់ផ្តើមនៅខែតុលា បានបង្កើនការតវ៉ាជាសកលជុំវិញការបំផ្លិចបំផ្លាញ ការរត់ភៀសខ្លួន និងការអត់ឃ្លានកំពុងរីករាលដាលដែលប៉ះពាល់ដល់ប្រជាជន ២,២ លាននាក់លើទឹកហ្កាហ្សា។អង់គ្លេស និងសម្ព័ន្ធមិត្តដទៃទៀត ទាមទារឱ្យមានចំណាត់ការប្រឆាំងនឹងគ្រោះទុរ្ភិក្ស ដោយទាមទារឲ្យមានបទឈប់បាញ់អចិន្ត្រៃយ៍ និងសម្របសម្រួលការនាំចូលជំនួយ ៕