លោក ផាង វី អញ្ជើញចុះពិនិត្យការងារ និងគ្រឿងចក្រ នៅមូលដ្ឋានជម្រកគ្រឿងចក្រ ក្នុងឃុំកណ្ដោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

នៅថ្ងៃអង្គារ ៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យការងារ និងគ្រឿងចក្រ នៅមូលដ្ឋានជម្រកគ្រឿងចក្រ ស្ថិតក្នុងភូមិសាស្ត្រភូមិគោករមៀត ឃុំកណ្ដោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
បើតាមលោក ផាង វី បានបញ្ជាក់ឱ្យដឹងថា ការចុះពិនិត្យជាក់ស្តែងនាពេលនេះផ្តោតលើការងារសំខាន់ៗ ចំនួនពីរ គឺ៖ ទី១)ការរៀបចំបរិស្ថាន ទីតាំង និងបន្ទប់ការិយាល័យធ្វើការរបស់មន្ត្រី និងទី២)ការងាររៀបចំ គ្រប់គ្រង ថែទាំ និងជួសជុលគ្រឿងចក្រ និងម៉ាស៊ីនបូមទឹកចល័ត។
ក្នុងឱកាសនោះ ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម បានណែនាំឱ្យបង្កើនការយកចិត្តទុកដាក់ជាប្រចាំលើការងារសម្អាតបរិស្ថាន និងរៀបចំបន្ទប់ការិយាល័យធ្វើការឱ្យមានរបៀបរៀបរយ និងគ្រប់គ្រងទិន្នន័យ ចុះបញ្ជីគ្រឿងចក្រ ម៉ាស៊ីនបូមទឹក សម្ភារបរិក្ខារ និងគ្រឿងបន្លាស់នានាឱ្យបានច្បាស់លាស់ ជាពិសេស គឺអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការថែទាំ និងជួសជុលគ្រឿងចក្រនិងម៉ាស៊ីនបូមទឹកនានា ប្រកបដោយគុណភាពត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីត្រៀមជាស្រេចសម្រាប់កិច្ចអន្តរាគមន៍បន្ទាន់ ពេលមានគ្រោះធម្មជាតិដូចជា គ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕

You might also like