ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវាយតម្លៃ ប្រគល់-ទទួល ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្ដាល

នៅថ្ងៃពុធ ៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម(គល) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង ដែលរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយមន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានចុះពិនិត្យវាយតម្លៃ ប្រគល់-ទទួល ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្ដាល។
ក្នុងដំណើរបេសកកម្ម ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារអន្តរក្រសួង បានអញ្ជើញចុះពិនិត្យជាក់ស្តែងការអនុវត្តគម្រោងការងារចំនួន ៣ទីតាំងគឺ៖ ទី១)គម្រោងការពារច្រាំងទន្លេមេគង្គ ប្រវែង ២០០ម៉ែត្រ ស្ថិតនៅភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល សម្រេចបាន ១០០ភាគរយ ទី២)គម្រោងការពារច្រាំងទន្លេមេគង្គ ប្រវែង ២៥០ម៉ែត្រ នៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល សម្រេចបាន ១០០ភាគរយ និងទី៣)គម្រោងការពារច្រាំងទន្លេមេគង្គ ប្រវែង ៤៥០ម៉ែត្រ ស្ថិតនៅភូមិរកាកោង ឃុំរការកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល សម្រេចបាន ១០០ភាគរយ។
ក្រោយពីការចុះពិនិត្យជាក់ស្តែង ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារអន្តរក្រសួង បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារនៃនាយកដ្ឋានជលសាស្ត្រនិងការងារទន្លេ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារបានទាន់ពេលវេលា និងត្រឹមត្រូវល្អប្រសើរទៅតាមលក្ខណ:បច្ចេកទេស ជាមួយនឹងគុណភាព រួមទាំងសោភ័ណភាព ដើម្បីធានាបាននូវនិរន្តរភាពយូរអង្វែងនៃសំណង់ ជាពិសេសទទួលបានសេចក្តីសាទរត្រេកអរពីបងប្អូនប្រជាពលរដ្ឋក្នុងតំបន់៕
បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបញ្ជាក់ និងផ្តាំផ្ញេីថាត្រូវតែបន្តរក្សា និងបង្កេីនការយកចិត្តទុកដាក់បន្ថែមទៀត ដែលទាំងនេះជាសក្ខីភាពមួយនៃការចូលរួមចំណែករបស់ក្រសួងធនធានទឹកនិងឧតុនិយម ក្នុងការជួយសម្រួលដល់បន្ទុកចំណាយមួយផ្នែកធំរបស់រាជរដ្ឋាភិបាលលើការដោះស្រាយផលប៉ះពាល់ និងទប់ស្កាត់ការពារការខូចខាតជាយថាហេតុនានាដែលអាចបង្កទៅជាហានិភ័យប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសាធារណ: ពីការបាក់ស្រុតច្រាំងទន្លេតទៅថ្ងៃមុខបន្ថែមទៀត ក្នុងរយ:ពេលវែងបានផងដែរ៕

You might also like