ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការសុរិយោដីថ្នាក់ជាតិ ដើម្បីពិភាក្សាការងារវាសវែង និងដោះស្រាយវិវាទដីធ្លី នៅទូទាំងប្រទេស

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការសុរិយោដីថ្នាក់ជាតិបានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំគណៈកម្មការសុរិយោដីថ្នាក់ជាតិ ដើម្បីពិនិត្យលទ្ធផលនៃការចុះវាស់វែងដីធ្លី និងការចុះបញ្ជីក្បាលដី ព្រមទាំងការដោះស្រាយវិវាទ នៅទូទាំងប្រទេស។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានគណៈកម្មការសុរិយោដីថ្នាក់ជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំក្រុមការងារបច្ចេកទេស ព្រមទាំងជំនួយការ និងទីប្រឹក្សាក្រសួង។

ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិភាក្សា និងធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលនៃការចុះវាស់វែង និងការចុះបញ្ជីក្បាលដី ព្រមទាំងការដោះស្រាយវិវាទ នៅទូទាំងប្រទេស ដោយមានសមាសភាពចូលរួមពីតំណាងក្រសួង ស្ថាប័ន និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ដែលជាសមាជិក។

សូមជម្រាបថា គិតមកដល់ពេលនេះមានខេត្តចំនួន១៩ បានបញ្ចប់ការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងនោះខេត្តចំនួន៨ បានរៀបចំពិធីប្រកាសបញ្ចប់ការវាស់វែងជាផ្លូវការរួចរាល់។ លទ្ធផលជារួម ក្បាលដីដែលបានវាស់វែងសរុបមានចំនួនជាង ១៣,៦លានក្បាលដី និងក្បាលដីដែលនៅមិនទាន់វាស់វែង មានប្រមាណជា ១១ម៉ឺនក្បាលដី៕

You might also like