ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចុះពិនិត្យប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍ សម្រាប់អនុវត្តគម្រោងប្រតិបត្តិការ និងថែទាំ តាមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន
នៅថ្ងៃអង្គារ ១០រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ និងជាប្រធានអង្គភាពគ្រប់គ្រងគម្រោងភាពជាដៃគូរវាងរដ្ឋនិងឯកជនលើប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធការងារទឹក ក្នុងនាមតំណាងខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអង្គភាពគ្រប់គ្រងគម្រោង ដោយមានកិច្ចសហការពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម និងការចូលរួមពីតំណាងក្រុមហ៊ុន TAF Agriculture Fertilizer Co.,Ltd បានចុះពិនិត្យស្ថានភាពជាក់ស្តែងប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍ ស្ថិតក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល សម្រាប់អនុវត្តគម្រោងប្រតិបត្តិការ និងថែទាំ តាមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងក្រុមការងារ បានអញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរដែនដី សហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍ ពីបញ្ហាប្រឈមដែលបានជួបប្រទះនាពេលកន្លងមក និងកាលានុវត្តថ្មីៗ និងបានចុះពិនិត្យជាក់ស្តែងស្ថានីយបូមទឹក ប្រព័ន្ធប្រឡាយ និងសំណង់សិល្បការ្យ ព្រមទាំងការងារសាងសង់ប្រឡាយបេតុងបន្ថែមថ្មីដែលភ្ជាប់មកក្នុងភូមិសាស្ត្រខេត្តកណ្តាល។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានណែនាំដល់តំណាងក្រុមហ៊ុនត្រូវសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម និងអាជ្ញាធរដែនដីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីធ្វើការប្រមូលព័ត៌មានទិន្នន័យចាំបាច់ពាក់ព័ន្ធ សម្រាប់ធ្វើការសិក្សាសមិទ្ធិលទ្ធភាពឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីមានជាឯកសារគតិយុត្តច្បាស់លាស់ មុននឹងបន្តនីតិវិធីជាធរមាន។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបានលើកទឹកចិត្តដល់វិស័យឯកជន ចូលរួមវិនិយោគ តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន សំដៅលើកកម្ពស់ការអភិវឌ្ឍន៍ជាតិ និងកាត់បន្ថយបន្ទុកចំណាយថវិកាជាតិ។ ក្រុមហ៊ុន TAF Agriculture Fertilizer Co., Ltd ទទួលបានការឯកភាពជាគោលការណ៍ពីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីអនុវត្តគម្រោងប្រតិបត្តិការ និងថែទាំប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍ តាមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន ហើយបច្ចុប្បន្នក្រុមហ៊ុន បាននិងកំពុងចុះធ្វើការប្រមូលព័ត៌មាន និងទិន្នន័យពាក់ព័ន្ធ ដើម្បីរៀបចំរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាពគម្រោង៕






