ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃការអនុវត្តគម្រោងដែលបានបញ្ចប់ ក្រោមហិរញ្ញប្បទានពីប្រទេសកូរ៉េ ក្នុងខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង
នាថ្ងៃចន្ទ-ពុធ ៩-១១រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨-២០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ និងជានាយកគម្រោងដែលទទួលហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃការអនុវត្តគម្រោងដែលបានបញ្ចប់នាពេលកន្លងមក ក្រោមហិរញ្ញប្បទានពីប្រទេសកូរ៉េ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង។
សូមជម្រាបថា កិច្ចប្រជុំដែលធ្វើឡើងនៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម និងនៅខេត្តបាត់ដំបង មានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក Bonhyun Koo នាយកធនាគារអាហរ័ណ នីហរ័ណកូរ៉េ(EDCF)ប្រចាំកម្ពុជា ក្រុមវាយតម្លៃគម្រោងមកពីទីស្នាក់ការកណ្តាល EDCF មន្ត្រីបច្ចកទេសអង្គភាពគ្រប់គ្រងគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម និង ទីប្រឹក្សាបច្ចេកទេសគម្រោងមកពីក្រុមហ៊ុន YOOSHIN។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំផ្តោតលើគម្រោងដែលបានបញ្ចប់រួចរាល់ចំនួនបីគឺ៖ ទី១)គម្រោងអភិវឌ្ឍន៍ទំនប់ពហុបំណងក្រាំងពន្លៃ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ទី២)គម្រោងអភិវឌ្ឍន៍ទំនប់មង្គលបូរី ស្ថិតក្នុងខេត្តបាត់ដំបង និងទី៣)គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ស្ថិតក្នុងខេត្តបាត់ដំបង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារវាយតម្លៃ ក៏បានអញ្ជើញចុះពិនិត្យដល់ទីតាំងគម្រោង និងពិនិត្យស្ថានភាពជាក់ស្តែងនៃការប្រើប្រាស់ហេដ្ឋាចនាសម្ព័ន្ធនៅប្រព័ន្ធធារាសាស្ត្រក្រាំងពន្លៃ ដែលស្ថិតនៅក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងស្រុកសាមគី្គមានជ័យ ខេត្តកំពង់ឆ្នាំង ប្រព័ន្ធធារាសាស្ត្រកំពីងពួយ ប្រព័ន្ធធារាសាស្ត្រតាហែន ស្ថិតនៅស្ទឹងមង្គលបូរី និងសាលាតាអន ស្ថិតនៅស្ទឹងសង្កែ ក្នុងខេត្តបាត់ដំបង៕






