អ៊ីស្រាអែលបានរុលទៅមុខបន្ថែមទៀតចូលទីក្រុងហ្កាហ្សា ដោយបានសម្លាប់មនុស្ស និងជម្លៀសប្រជាជនប៉ាឡេស្ទីន

យោធាអ៊ីស្រាអែលកំពុងរុលទៅមុខកាន់តែជ្រៅចូលក្នុងទីក្រុងហ្កាហ្សា ដោយបំផ្លាញស្រុកភូមិទាំងមូល និងទុកឱ្យគ្រួសារប៉ាឡេស្ទីនគ្មានកន្លែងមានសុវត្ថិភាពត្រូវទៅ ខណៈខ្លួនកំពុងព្យាយាមដណ្តើមកាន់កាប់ចំណុចកណ្តាលរបស់ទីក្រុងដ៏ធំបំផុតនៃហ្កាហ្សាស្រ្ទីប ស្របពេលគ្រោះទុរ្ភិក្សបង្កឡើងដោយអ៊ីស្រាអែលបានរាលដាលពាសពេញតំបន់រងការឡោមព័ទ្ធមួយនេះ។
ការវាយប្រហារលើទីផ្សារដ៏ពេញនិយមមួយនៅភាគខាងកើតនៃទីក្រុងហ្កាហ្សាកាលពីថ្ងៃអង្គារបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់៥នាក់ និងជាច្រើននាក់ទៀតរងរបួស។ ប្រភពនានានៅមន្ទីរពេទ្យ al-Ahli Arab បានប្រាប់សារព័ត៌មាន Al Jazeera ថា មានស្ត្រីពីរនាក់ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់។
វីដេអូដែលត្រូវបានផ្ទៀងផ្ទាត់ដោយសារព័ត៌មាន Al Jazeera បានបង្ហាញជនជាតិប៉ាឡេស្ទីនភៀសខ្លួនចេញពីតំបន់ As-Saftawi ភាគខាងជើងនៃទីក្រុងហ្កាហ្សា ខណៈអ៊ីស្រាអែលព្យាយាមបង្ខំប្រជាជនជិត ១ លាននាក់ទៅភាគខាងត្បូង ទៅកាន់តំបន់ប្រមូលផ្តុំ។
វីដេអូនោះបានចាប់យករូបភាពមនុស្សប្រុស ស្ត្រី និងកុមារដើរជាជួរវែងៗធ្វើដំណើរតាមដងផ្លូវ ដោយមានស្ពាយកាបូប ភួយ និងពូក។ អ្នកខ្លះប្រើរទេះដឹកឥវ៉ាន់ ខណៈអ្នកផ្សេងទៀតបីកូន នៅពេលពួកគេធ្វើដំណើរទៅទិសខាងលិចដោយថ្មើរជើង។
អ៊ីស្រាអែលបានបំផ្លាញទាំងស្រុងនូវអគារជាង ១.០០០ខ្នង នៅក្នុងសង្កាត់ Zeitoun និង Sabra នៃទីក្រុង ហ្កាហ្សា ចាប់តាំងពីបានចាប់ផ្តើមវាយលុកជាបន្តបន្ទាប់លើទីក្រុងនេះ កាលពីថ្ងៃទី ៦ ខែសីហា នេះបើយោងតាមការប៉ាន់ស្មានដោយក្រសួងការពារជនស៊ីវិលប៉ាឡេស្ទីន៕

You might also like