ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំគណៈប្រតិភូក្រុមបេសកកម្មធនាគារវិនិយោគហេដ្ឋរចនាសម្ព័ន្ធអាស៊ី(AIIB) ចុះពិនិត្យគម្រោងធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត ក្នុងខេត្តកំពង់ធំ
នៅរសៀលថ្ងៃចន្ទ ២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីអង្គភាពគ្រប់គ្រងនិងអនុវត្តន៍គម្រោង ទីប្រឹក្សាជាតិនិងអន្តរជាតិ និងគណៈប្រតិភូក្រុមបេសកកម្មធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធ(AIIB) ដឹកនាំដោយលោក David Ginting ប្រធានក្រុមបេសកកម្ម ដើម្បីចុះត្រួតពិនិត្យស្វែងយល់លើប្រព័ន្ធទំនើបកម្មនៃប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយស្ទឹងជីនិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសន្ទុក ស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ជម្រាបជូនប្រតិភូក្រុមបេសកកម្មធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ពីហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រទំនើបនិងគ្រប់ជ្រុងជ្រោយស្ទឹងជីនិត ដែលមានអាងទឹក ប្រឡាយមេ ប្រឡាយរង និងប្រឡាយបង្ហូរចូលស្រែកសិករ។ ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់ថា ប្រព័ន្ធនេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដីកសិកម្មប្រមាណ ១៦០០០ហិកតា ក្នុងស្រុកចំនួន៣ នៃខេត្តកំពង់ធំ ខួបប្រាំង និងខួបវស្សា។ ម៉្យាងវិញទៀត ប្រព័ន្ធធារាសាស្ដ្រនេះ ក៏បានក្លាយទៅជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ផងដែរ៕






