នាវាចម្បាំងអាមេរិកទៅដល់តំបន់ Caribbean ខណៈភាពតានតឹងជាមួយវ៉េណេស៊ុយអេឡា កាន់តែកើនឡើង

(វ៉ាស៉ីនតោន)៖ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងវ៉េណេស៊ុយអេឡាកាន់តែកើនឡើង ខណៈកងទ័ពជើងទឹកអាមេរិក កំពុងមានវត្តមាននៅក្នុងតំបន់ Caribbean ភាគខាងត្បូង និងដែនទឹកក្បែរនោះ រីឯរដ្ឋាភិបាលវ៉េណេស៊ុយអេឡា ក៏បានអះអាងពីការបញ្ជូននាវាចម្បាំង និងយន្តហោះដ្រូន ទៅល្បាតបណ្តោយឆ្នេរសមុទ្ររបស់ខ្លួនផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ ២០២៥។
ទោះជានាវាឆ្មាំសមុទ្រ និងកងទ័ពជើងទឹកអាមេរិក តែងធ្វើប្រតិបត្តិការនៅក្នុងតំបន់ Caribbean ភាគខាងត្បូងក្តី ប៉ុន្តែវត្តមាននាពេលនេះ គឺមានទំហំធំជាងការដាក់ពង្រាយជាធម្មតានៅក្នុងតំបន់។ មន្ត្រីអាមេរិកម្នាក់និយាយថា នាវាចម្បាំង ៧គ្រឿង រួមជាមួយនាវាមុជទឹកដើរដោយថាមពលនុយក្លេអែរមួយគ្រឿង កំពុងស្ថិតនៅ ឬអាចទៅដល់តំបន់នោះនាសប្តាហ៍ខាងមុខ។
ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro បានថ្កោលទោសវត្តមានកងទ័ពជើងទឹកអាមេរិក ហើយឯកអគ្គរដ្ឋទូត លោក Samuel Moncada បានត្អូញត្អែរប្រាប់ប្រមុខនៃអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres ដោយចោទប្រកាន់ទីក្រុងវ៉ាស៉ីនតោនថា បំពានលើធម្មនុញ្ញរបស់ UN។
គួរបញ្ជាក់ថា ក្រុមមន្ត្រីអាមេរិក បានលើកឡើងពីគោលបំណងនៃការដាក់ពង្រាយនាចម្បាំងរបស់ខ្លួនថា គឺដើម្បីដោះស្រាយការគំរាមកំហែង ពីក្រុមឧក្រិដ្ឋជនគ្រឿងញៀននៅអាមេរិកឡាទីន។ ប្រធានាធិបតី ដូណាល់ ត្រាំ ចាត់ទុកការបង្រ្កាបឧក្រិដ្ឋជនគ្រឿងញៀន ជាគោលដៅមួយនៃរដ្ឋបាលរបស់លោក ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងកម្រិតការធ្វើចំណាកស្រុក និងធានាសុវត្ថិភាពព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក៕

You might also like