មេដឹកនាំបរទេសចំនួន ២៦រូបនឹងចូលរួមពិធីរំលឹកខួបជ័យជម្នះ របស់ប្រទេសចិនថ្ងៃទី ៣ ខែកញ្ញា
ឧបការីរដ្ឋមន្ត្រីការបរទេសចិន លោក Hong Lei បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា តាមការអញ្ជើញរបស់ប្រធានាធិបតីចិនលោក Xi Jinping មេដឹកនាំបរទេសចំនួន ២៦ រូបនឹងចូលរួមពិធីរំលឹកខួបជ័យជម្នះ របស់ប្រទេសចិននៅទីក្រុងប៉េកាំង។
ប្រទេសចិននឹងរៀបចំព្យុហយាត្រាយោធាដ៏ធំមួយនៅថ្ងៃទី ៣ ខែកញ្ញា ដើម្បីប្រារព្ធខួបលើកទី ៨០ នៃជ័យជម្នះក្នុងសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក ក្រោយការបញ្ចប់សង្គ្រាមលោកលើកទី២។
មេដឹកនាំបរទេសដែលបានអញ្ជើញចូលរួមក្នុងពិធីខួបជ័យជម្នះនេះ រួមមានប្រធានាធិបតីរុស្ស៊ី លោក Kim Jong Un អគ្គលេខាបក្សពលករកូរ៉េ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី ប្រធានាធិបតីវៀតណាម អគ្គលេខាធិកាមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងប្រធានាធិបតីឡាវ ប្រធានាធិបតីឥណ្ឌូនេស៊ី នាយករដ្ឋមន្រ្តីប៉ាគីស្ថាន នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នាយករដ្ឋមន្ត្រីនេប៉ាល់ ប្រធានាធិបតីប្រទេសកោះ ម៉ាល់ឌីវ ប្រធានាធិបតីម៉ុងហ្គោលី ប្រធានាធិបតីកាហ្សាក់ស្ថាន ប្រធានាធិបតីអ៊ូសបេគីស្ថាន ប្រធានាធិបតីតាហ្ស៊ីគីស្ថាន ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ប្រធានាធិបតីតួកមិនីស្ថាន ប្រធានាធិបតីបេឡារុស្ស ប្រធានាធិបតីអាស៊ែបៃហ្សង់ នាយករដ្ឋមន្រ្តីអាមេនី ប្រធានាធិបតីអ៊ីរ៉ង់ ប្រធានាធិបតីនៃសាធារណរដ្ឋកុងហ្គោ ប្រធានាធិបតីហ្ស៊ីមបាវេ ប្រធានាធិបតីស៊ែរប៊ី នាយករដ្ឋមន្រ្តីស្លូវ៉ាគី ប្រធានាធិបតីគុយបា និងមេដឹកនាំរបបសឹកមីយ៉ាន់ម៉ា។
តបតាមការអញ្ជើញរបស់រដ្ឋាភិបាលចិន ប្រធានសភា ឧបនាយករដ្ឋមន្ត្រី តំណាងជាន់ខ្ពស់មកពីប្រទេសផ្សេងៗ ថ្នាក់ដឹកនាំអង្គការអន្តរជាតិ និងអតីតឥស្សរជននយោបាយនឹងចូលរួមពិធីរំលឹកខួបជ័យជម្នះនេះ៕






