លោក ថាំង វីយុទ្ធដា អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែងគម្រោងការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន ក្នុងភូមិសាស្ត្រខេត្តតាកែវ
នៅថ្ងៃអង្គារ ៨កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែងមុនពេលចាប់អនុវត្តគម្រោងការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន ស្ថិតក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។
សូមជម្រាបថា ការងារសំខាន់ៗរបស់គម្រោងការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន រួមមាន៖ ១) សាងសង់ទំនប់អាងទឹក ប្រវែង ១៣០ម៉ែត្រ និង ២)សាងសង់សំណង់សិល្បការ្យសរុបចំនួន ២កន្លែង។
ប្រធាននាយកដ្ឋានវិស្វកម្ម លោក ថាំង វីយុទ្ធដា បានបញ្ជាក់ឱ្យដឹងថា ការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន គឺក្នុងគោលបំណងស្តុកទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ។ លោកប្រធាននាយកដ្ឋាន បានបន្ថែមថា គម្រោងនេះនឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដាំដុះដំណាំចំការ ចំនួន ១៥០ហិកតា ជូនដល់បងប្អូនប្រជាកសិករប្រមាណ ១១៦គ្រួសារ ក្នុងភូមិត្រពាំងក្រញូង នៃឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធាននាយកដ្ឋានវិស្វកម្ម ក៏បានណែនាំដល់ក្រុមការងារសាងសង់ឱ្យអនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក៕