ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនដឹកនាំដោយលោក HIROTA Kousuke
នៅរសៀលថ្ងៃអង្គារ ៨កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម(ក្បាលថ្នល់) ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ដឹកនាំដោយលោក HIROTA Kousuke ប្រធានក្រុមការងារសិក្សាសមិទ្ធិលទ្ធភាពគម្រោងថ្មីដំណាក់កាលទី២ នៃគម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធធារាសាស្រ្ត និងប្រព័ន្ធដោះទឹកក្នុងប្រទេសកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារសម្រាប់ការសិក្សាគម្រោងថ្មីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីថ្នាក់នាំ និងមន្រ្តីបច្ចេកទេសក្រសួង ព្រមទាំងមន្រ្តីជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំកម្ពុជា (JICA)ជាច្រើនរូប។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា ប្រតិភូក្រុមការងារគម្រោងបានជម្រាបពីគោលបំណង ទំហំការងារ និងពេលវេលារបស់គម្រោងសិក្សាសមិទ្ទិលទ្ធភាពគម្រោងថ្មី ព្រមទាំងស្នើសុំកិច្ចសហការ និងការសម្របសម្រួលពីក្រសួងនៅក្នុងអំឡុងពេលនៃការសិក្សានេះ ហើយដែលជាការឆ្លើយតប ឯកឧត្តមអនុរដ្ឋលេខាធិការ បានទទួលយកនូវសំណើរបស់ក្រុមការងារសិក្សាគម្រោងJICA ក្នុងការផ្តល់នូវកិច្ចសហការជិតស្និទ្ធជាមួយជំនាញការគម្រោងក្នុងអំឡុងពេលនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងថ្មីនេះ៕