ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារជួសជុលថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តបាត់ដំបង ខេត្តឧត្តរមានជ័យ និងខេត្តកំពង់ធំ
នៅថ្ងៃអង្គារ ៨កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងាររបស់អង្គភាព សហការជាមួយមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានធារាសាស្ត្រកសិកម្ម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារជួសជុលថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រកង្ហត ស្ថិតក្នុងខេត្តបាត់ដំបង ប្រព័ន្ធធារាសាស្រ្តស្ពានស្រែង ក្នុងខេត្តឧត្តរមានជ័យ និងប្រព័ន្ធសាស្ត្រ៣០កញ្ញា ក្នុងខេត្តកំពង់ធំ។
សូមជម្រាបថា ការងារសំខាន់ៗនៃគម្រោងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រទាំងបីគឺ៖
ទី១)ប្រព័ន្ធធារាសាស្រ្តកង្ហត ធ្វើការថែទាំប្រឡាយមេធំ (ប្រឡាយដី និងប្រឡាយបេតុង)ចំនួន ៣ខ្សែប្រវែង ៤៦៣០០ម៉ែត្រ ប្រឡាយមេដីចំនួន ៦ខ្សែ សរុបប្រវែង ៨៤៧៣៥ម៉ែត្រ និងថែទាំសំណង់សិល្បការ្យសរុបចំនួន ៩៥កន្លែង
ទី២)ប្រព័ន្ធធារាសាស្រ្តស្ពានស្រែង ធ្វើការថែទាំប្រឡាយមេ ២ខ្សែ (ខាងកើតនិងខាងលិច) ប្រវែង ៨១០២៨ម៉ែត្រ ប្រឡាយរង ៣ខ្សែ ប្រវែង ១៥៨៦៥ម៉ែត្រ ទំនប់សណ្ដស្ទឹង ១ខ្សែ(ខាងលិច) ប្រវែង ២៩៨៤ម៉ែត្រ និងសំណង់សិល្បការ្យ សរុបចំនួន ៩០កន្លែង និង
ទី៣)ប្រព័ន្ធធារាសាស្រ្ត៣០កញ្ញា ធ្វើការជួសជុលថែទាំទំនប់ចំនួន១ខ្សែប្រវែង ១៤៣១៦ម៉ែត្រ ប្រឡាយមេបេតុងចំនួន ៣ខ្សែសរុបប្រវែង ៤៦០៩៦ម៉ែត្រ ប្រឡាយរងបេតុងចំនួន ១ខ្សែប្រវែង ១៦១៩៦ម៉ែត្រ និងសំណង់សិល្បការ្យសរុបចំនួន ១៦៤កន្លែង។
ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាននៅពេលនេះ ព្រមទាំងបានណែនាំដល់ក្រុមការងារអនុវត្តគម្រោងនៃនាយកដ្ឋានធារាសាស្ត្រកសិកម្ម ឱ្យបន្តពង្រឹងលើគុណភាព សោភ័ណភាព ទៅតាមលក្ខណៈបច្ចេកទេស និងបានណែនាំដល់សហគមន៍កសិករប្រើប្រាស់ទឹកដែលប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រទាំងនេះចូលរួមថែរក្សាឱ្យមាននិរន្តរភាព សម្រាប់ការងារស្រោចស្រព និងការប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋបានយូរអង្វែង៕