បង្ក្រាបបទល្មើសជលផល ស្រុកកំពង់សៀម ខេត្តកំពង់ចាម
កំពង់ចាម៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានដឹកនាំកម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ចាម អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ សហការជាមួយអាជ្ញាធរស្រុកកំពង់សៀម អាជ្ញាធរឃុំកៀនជ្រៃ ប៉ុស្តិ៍នគរបាលរដ្ឋបាលកៀនជ្រៃ និងសហគមន៍នេសាទដំរីឆ្លង បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផល នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ក្នុងដំណើរនេះ ក្រុមការងារចម្រុះ បានរុះរើ និងបំផ្លាញចោលនូវឧបករណ៍ល្មើសច្បាប់ នៅចំណុចទំនប់បឹងត្រង៉ាល ឃុំរអាងស្រុកកំពង់សៀម ខេត្តកំពង់ចាម រួមមាន ឧបករណ៍លូស្បៃមុងចំនួន ០៥មាត់ របាំងស្បៃមុងប្រវែង ១៥០ម៉ែត្រ បង្គោលចម្រឹងចំនួន ៧៥ដើម និងចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញ។ ចំណែកនៅចំណុចសត្វតត្បា ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ក្រុមការងារ បានរុះរើ ឧបករណ៍ស្បៃមុងចំនួន០៩មាត់ របាំងស្បៃមុងប្រវែង២៧០ម៉ែត្រ បង្គោលចម្រឹងចំនួន១៣៥ដើម ចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិវិញ។
ជាមួយគ្នានេះ ក្រុមការងារក៏បានរុះរើនិងបំផ្លាញចោលនូវឧបករណ៍ល្មើសច្បាប់នៅចំណុចជ្រោយអណ្តូង ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម រួមមាន ឧបករណ៍ស្បៃមុងចំនួន០៧មាត់ របាំងស្បៃមុងប្រវែង ២១០ម៉ែត និងបង្គោលចម្រឹងចំនួន១១៥ដើម ព្រមទាំងចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិវិញ។
ជាចុងបញ្ចប់ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្រុមការងារចម្រុះ នឹងបន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាស្រុក ក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទ ដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់៕