ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅតាមបណ្តាអាងស្ដុកទឹក និងសំណង់ស្ទាក់ទឹក ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ
នៅថ្ងៃពុធ ៩កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមខេត្ត្តកំពង់ស្ពឺ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម អស់លោក ជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានអញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពទឹកនៅអាងទឹកអន្លង់ជ្រៃ អាងទឹកពាមល្វា-អូរតោង និងសំណង់ស្ទាក់ទឹករលាំងជ្រៃ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ដែលបានយកចិត្តទុកដាក់សហការគ្នាក្នុងការគ្រប់គ្រងទឹកនៅតាមបណ្តាអាងស្តុកទឹកសំខាន់ៗបានល្អប្រសើរ ជាពិសេសសម្រាប់កិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាទឹកជំនន់ និងគ្រោះរាំងស្ងួត។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានណែនាំឱ្យក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បន្តយកចិត្តទុកដាក់តាមដានស្ថានភាពទឹកនៅតាមបណ្តាអាងស្ទឹងសំខាន់ៗ និងត្រៀមលក្ខណៈសម្រាប់ការងារអន្តរាគមន៍ចំពោះគ្រោះទឹកជំនន់ ឬគ្រោះរាំងស្ងួតដែលអាចកើតមានឡើងជាយថាហេតុ៕