វៀតណាម ប៉ាន់ស្មានការខូចខាតជាង ៤៣០លានដុល្លារ ពីព្យុះទីហ្វុង Bualoi ខណៈចំនួនអ្នកស្លាប់បន្តកើនឡើង

ចំនួនអ្នកស្លាប់នៅក្នុងប្រទេសវៀតណាម ដោយសារព្យុះទីហ្វុង Bualoi និងទឹកជំនន់បង្កឡើងដោយព្យុះនេះ បានបន្តកើនឡើងដល់ ៣៦នាក់ហើយ នេះបើយោងតាមរបាយការណ៍ថ្ងៃព្រហស្បតិ៍ (២ តុលា) ពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ។
របាយការណ៍ទីភ្នាក់ងារគ្រោះមហន្តរាយ បាននិយាយថា ព្យុះ Bualoi បានបោកបក់ដល់ដីគោកកាលពីថ្ងៃចន្ទ នៅភាគខាងជើងប៉ែកកណ្តាលនៃប្រទេស ដោយនាំមកនូវរលកសមុទ្រធំៗ ខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់យ៉ាងគំហុក ដែលបានបណ្តាលឱ្យមនុស្សលើសពី ២០នាក់ នៅតែបាត់ខ្លួន និងជិត ១៥០នាក់ ផ្សេងទៀតរងរបួស។
ទីភ្នាក់ងារនេះក៏បានបង្កើនការប៉ាន់ប្រមាណរបស់ខ្លួនអំពីការខូចខាតទ្រព្យសម្បត្តិដែលបណ្តាលមកពីព្យុះទីហ្វុង និងទឹកជំនន់ ដល់ចំនួន ១១,៥សែនកោដិដុង ពោលគឺប្រមាណ ៤៣៥,៨០លានដុល្លារអាមេរិក ដោយកើនឡើងពីចំនួន ៣០៣លានដុល្លារ ក្នុងរបាយការណ៍មុន ដែលចេញផ្សាយកាលពីថ្ងៃពុធ។
របាយការណ៍និយាយទៀតថា ព្យុះទីហ្វុងនេះបានបំផ្លាញផ្លូវថ្នល់ សាលារៀន និងអគារការិយាល័យយ៉ាងធ្ងន់ធ្ងរ ហើយបណ្តាលឱ្យដាច់បណ្តាញអគ្គិសនីដល់ប្រជាជនរាប់ម៉ឺនគ្រួសារ ខណៈផ្ទះសម្បែងជាង ២១ម៉ឺនខ្នង បានរងការខូចខាត ឬទឹកជន់លិច និងស្រូវ និងដំណាំផ្សេងទៀតជាង ៥១.០០០ហិកតា ត្រូវបានបំផ្លាញ៕

You might also like