ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំប្រតិភូក្រុមបេសកកម្មធនាគាអភិវឌ្ឍន៍អាស៊ី (ADB) ប្រជុំពិនិត្យគម្រោងគ្រប់គ្រងធនធានទឹកដោយវិធានការចម្រុះជំហាន២ (IWRM2) ក្នុងខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ
នៅរសៀលថ្ងៃពុធ ៩កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំក្រុមការងារ ទីប្រឹក្សាជាតិ និងអន្តរជាតិ ព្រមទាំងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ និងប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដឹកនាំដោយលោក James Redstock ប្រជុំពិភាក្សា និងត្រួតពិនិត្យគម្រោងគ្រប់គ្រងធនធានទឹកដោយវិធានការចម្រុះជំហាន២ (IWRM2) ក្នុងការធ្វើទំនើបកម្មប្រព័ន្ធស្រោចស្រពគ្រប់ជ្រុងជ្រោយនៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តគោលដៅទាំងបី ត្រូវយកចិត្តទុកដាក់ និងចូលរួមសហការឱ្យបានសកកម្មក្នុងការផ្តល់ព័ត៌មាន និងទិន្នន័យលើអនុគម្រោងទៅតាមតម្រូវការរបស់ប្រតិភូក្រុមបេសកកម្មឱ្យបានពេញលេញ។ លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា បេសកកម្មនេះមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឱ្យប្រតិភូដៃគូអភិវឌ្ឍន៍ទទួលបាននូវធាតុចូលពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានទឹក ដែលជាមូលដ្ឋានក្នុងការរៀបចំគម្រោងទៅតាមតម្រូវការ និងស្ថានភាពជាក់ស្តែងរបស់តំបន់គោលដៅនៃប្រទេសកម្ពុជា ជាពិសេសការកែលម្អធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយដែលបម្រើឱ្យគ្រប់វិស័យ៕