សេតវិមានលើកឡើងថា លោក Trump នឹងសម្រេចថា តើនឹងទុកពេលយូរប៉ុនណាឱ្យក្រុមហាម៉ាសក្នុងការទទួលយកផែនការហ្កាហ្សា

សេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ២តុលាថា ប្រធានាធិបតីអាមេរិកលោក Donald Trump នឹងគូសបន្ទាត់ក្រហមលើរយៈពេលដែលផ្តល់ឱ្យក្រុមហាម៉ាស ទទួលយកសំណើដែលគាំទ្រដោយអ៊ីស្រាអែល ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាក្នុងតំបន់ងហ្កាហ្សា ដោយមិនបាននិយាយច្បាស់លាស់ថាតើលោកនឹងអនុវត្តពេលវេលាកំណត់ពីមុននោះទេ។
កាលពីថ្ងៃអង្គារ លោក Trump បាននិយាយថា លោកនឹងទុកពេលឱ្យក្រុម ហាម៉ាស ពីបីទៅបួនថ្ងៃ ដើម្បីទទួលយកឯកសារ ២០ ចំណុច ដែលអំពាវនាវឱ្យក្រុមសកម្មប្រយុទ្ធរំសាយអាវុធ ជាការទាមទារដែលខ្លួនបានបដិសេធនាពេលកន្លងមក។ ប្រភពស្និទ្ធនឹងក្រុមនេះបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា ក្រុមហាម៉ាស កំពុងពិនិត្យមើលសំណើនេះ។
នៅពេលត្រូវបានសួរនៅលើទូរទស្សន៍ Fox News ដើម្បីកំណត់ចំណុចមួយដែលក្រុមហាម៉ាស នឹងត្រូវបានចាត់ទុកថាបានដើរចេញ ពីសំណើនេះ ឬទេ អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បាននិយាយថា មែនហើយ វាជាសំណួរដ៏ល្អមួយ ហើយវាជាបន្ទាត់ក្រហមដែលប្រធានាធិបតីសហរដ្ឋអាមេរិកនឹងត្រូវគូស។ ហើយខ្ញុំជឿជាក់ថាលោកនឹងធ្វើ។ ប៉ុន្តែប្រធានាធិបតី និងក្រុមការងាររបស់លោក បានធ្វើការយ៉ាងខ្លាំងលើផែនការលម្អិតចំនួន ២០ ចំណុចនេះ ដែលទទួលបានការសាទរទូទាំងពិភពលោក។
ប្រភពស្និទ្ធនឹងចលនាក្រុមហាម៉ាសបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះ ថា ផែនការបទឈប់បាញ់នៅដែនដី ហ្កាហ្សា ស្នើឡើងដោយប្រធានាធិបតីអាមេរិក Donald Trump តម្រូវឱ្យមានការកែសម្រួលជាច្រើនទៀត ។ ប្រភពបានប្រាប់សារព័ត៌មានស៊ីនហួថា ការឆ្លើយតបរបស់ក្រុមហាម៉ាសទំនងជាអាស្រ័យលើការកែសម្រួល និងការបញ្ជាក់ច្បាស់លាស់ ជាពិសេសលើបញ្ហានៃការបញ្ចប់សង្រ្គាម ការដកទ័ពរបស់អ៊ីស្រាអែល និងអនាគតរបស់ក្រុមប្រដាប់អាវុធនេះ៕

You might also like