ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែង និងកម្ចីសិក្សាលើជំនាញឌីជីថលដោយមិនគិតការប្រាក់ នៅសាកលវិទ្យាល័យដៃគូទាំង ៦

តើជំនាញអ្វីដែលអាចជួយប្អូនសិស្សានុសិស្សឱ្យមានឱកាសទទួលបានការងារដែលមានប្រាក់ចំណូលខ្ពស់ អាចជួយលើកកម្ពស់ជីវភាព ជាពិសេស ចូលរួមចំណែកលើកស្ទួយ និងអភិវឌ្ឍប្រទេសជាតិ?
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) លើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យពិចារណាចាប់យកការសិក្សាជំនាញឌីជីថល (Digital Skills) ក្នុងគោលដៅមានឱកាសទទួលបានការងារដែលមានប្រាក់ចំណូលខ្ពស់ អាចជួយលើកកម្ពស់ជីវភាព ជាពិសេស ចូលរួមចំណែកលើកស្ទួយ និងអភិវឌ្ឍប្រទេសជាតិ ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថល ២០២៤-២០៣៥ បានដាក់ចេញនូវក្របខណ្ឌសមត្ថភាពជំនាញឌីជីថល ដែលមានតម្រូវការខ្ពស់ និងងាយទទួលបានឱកាសការងារល្អៗ ព្រមទាំងអាចចូលរួមកសាងរដ្ឋាភិបាល ពលរដ្ឋ និងធុរកិច្ចឌីជីថល រួមមាន ផ្នែកសន្តិសុខសាយប័រ (Cybersecurity) ផ្នែកបញ្ញាសិប្បនិម្មិត (Artificial Intelligence) និង ផ្នែកក្លោដ (Cloud) ជាដើម។
ដើម្បីផ្ដល់ឱកាសដល់និស្សិតដែលចាប់យកជំនាញឌីជីថល ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រលើជំនាញឌីជីថលចំនួន ៥០០កន្លែង ក្រោមអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ និងកម្ចីសិក្សាលើជំនាញឌីជីថលដោយមិនគិតការប្រាក់ក្រោមកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ផ្តល់ជូនក្នុងចំនួនច្រើនកន្លែង) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ នៅសាកលវិទ្យាល័យដៃគូទាំង ៦ រួមមាន៖
– បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ចំនួន ២០០ កន្លែង
– វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំនួន ៤០ កន្លែង
– សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន ៣០ កន្លែង
– សាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ១០ កន្លែង
– សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon International University) ចំនួន ២០ កន្លែង និង
– សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (American University of Phnom Penh) ចំនួន ២០០ កន្លែង។

You might also like