ជនជាតិថៃ២នាក់ ប្លន់ម៉ូតូនៅក្រុងសំពៅពូន, តុលាការខេត្តកណ្ដាលឃុំខ្លួនដាក់ពន្ធនាគារ

(កណ្តាល)៖ លោក ម៉ាង ណុល ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្ដាល បានចេញដីកាឃុំខ្លួនចោរប្លន់២នាក់ ជាជនជាតិថៃ ដាក់ពន្ធនាគារ។ ចោរប្លន់ទាំង២នាក់នេះ ត្រូវបានព្រះរាជអាជ្ញារងលោកស្រី វ៉ា សក្កដា សម្រេចចោទប្រកាន់ពីបទ «លួចមានស្ថានទម្ងន់ទោស ដោយការប្រព្រឹត្តអំពើហិង្សា» តាមបញ្ញត្តិមាត្រា៣៥៣ , ៣៥៧ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់មកកាន់អ្នកយកព័ត៌មាន ប្រចាំខេត្ត នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ។

យោងតាមច្បាប់មាត្រា ៣៥៣, ៣៥៧ នៃក្រមព្រហ្មទណ្ឌ ចែងពីបទលួច ក្នុងន័យថា ជាការដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិរបស់អ្នកដទៃក្នុងគោលបំណង យកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ អាចទទួលទោសដាក់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ។
តាមដំណើររឿងពីនគរបាល, ជនត្រូវចោទទាំង២នាក់ បានលួចម៉ូតូបុគ្គលិកខ្មែរម្នាក់ តែប៉ះចំម៉ូតូធ្លាក់ច្រវ៉ាក់ ក៏វាយប្លន់ម៉ូតូបុរសម្នាក់ទៀត រួចជិះរត់គេចទៅបុកម៉ូតូមួយគ្រឿងទៀត ត្រូវបានម្ចាស់គេប្តឹងនគរបាលឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

ពួកគេត្រូវបានឃាត់ខ្លួននៅក្នុងភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន កាលពីវេលាម៉ោងប្រមាណ ២២៖២០នាទីយប់ ថ្ងៃទី០៤ តុលា ២០២៥កន្លងទៅ។ ទី១ឈ្មោះ PLIANLERTWICHA SARAWUT អាយុ៣៦ឆ្នាំ និងទី២ ឈ្មោះ SEENA PINICH ភេទប្រុស អាយុ៣៨ឆ្នាំ ពួកគេជាបុគ្គលិកក្រុមហ៊ុន ស្នាក់នៅបណ្តោះអាសន្នក្នុងក្រុមហ៊ុន ស្ថិតនៅក្នុងភូមិកើតហេតុ។
តាមចម្លើយថាសារភាព ពួកគេបានលួចឆ្លងចូលមកប្រទេសកម្ពុជា មកធ្វើការក្នុងក្រុមហ៊ុនមួយ ស្ថិតក្នុងភូមិកើតហេតុខាងលើ តាំងពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥កន្លងមកម្ល៉េះ ហើយដោយសារធ្វើការងារហត់ពេក ពួកគេបានរៀបគម្រោងដើម្បីរត់ចេញ។
លុះនៅវេលាកើតហេតុខាងលើ ដោយឃើញឱកាសល្អ ពួកគេទាំង២នាក់ បានលួចម៉ូតូម៉ាក HONDA WAVE ពណ៌ខ្មៅ មួយគ្រឿង ជិះចេញពីក្នុងក្រុមហ៊ុន តែពេលមកដល់ច្រកចេញស៊យស្រាប់តែម៉ូតូរបូតច្រវ៉ាក់ ហើយគាប់ជួនឃើញជនរងគ្រោះម្នាក់ទៀតឈ្មោះ សាក់ សុខលី ជិះម៉ូតូ ម៉ាក Super Cub ពណ៌ក្រហម មួយគ្រឿងទៀត ចូលមក ពួកគេទាំង២នាក់ ក៏ផ្តួលម៉ូតូដែលធ្លាក់ច្រវ៉ាក់ចោល ស្ទុះទៅវាយដណ្តើមម៉ូតូពីជនរងគ្រោះ សាក់ សុខលី ជិះរត់គេច។
រួចក៏បានទៅបុកជាមួយម៉ូតូ SCOPY ដែលបើកបរដោយស្ត្រីម្នាក់បណ្តាលឱ្យដួលទាំងអស់គ្នា។ ភ័យពេកពួកគេទាំង២នាក់ ក៏ងើបរត់ចោលម៉ូតូ ឃើញដូច្នោះ ជនរងគ្រោះម្នាក់ទៀត ឈ្មោះ ស៊ិប ដារ៉ា ភេទប្រុស ជិះម៉ូតូ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ មកដល់ ក៏ជួយលើកម៉ូតូ និងដឹងថាជនជាតិថៃទាំង២នាក់ ជាចោរប្លន់ម៉ូតូ ក៏ជិះម៉ូតូដេញតាម រហូតដល់ដល់មុខផ្សារឧកញ៉ាផា ក៏ត្រូវជនសង្ស័យទាំង២នាក់ ព្រួតគ្នាវាយដណ្តើមម៉ូតូ បម្រុងជិះរត់គេចបន្តទៀត ប៉ុន្តែត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនបានតែម្តងទៅ ហើយម៉ូតូត្រូវបានដកហូតប្រគល់ជូនម្ចាស់វិញ រីឯជនជាតិថៃទាំង៣នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ចាត់ការតាមច្បាប់៕

You might also like