អ្នកនាំពាក្យក្រសួងព័ត៌មាន៖ បច្ចេកវិទ្យាAI អាចជួយការងារព័ត៌មានបានច្រើន ប៉ុន្តែត្រូវផ្ទៀងផ្ទាត់ខ្លឹមសារមុនប្រើប្រាស់
ព្រៃវែង៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន បានលើកឡើងថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចជួយដល់ការងារព័ត៌មានបានច្រើន ប៉ុន្តែការប្រើប្រាស់ខ្លឹមសារដែលAIផលិតបានត្រូវមានការ ផ្ទៀងផ្ទាត់ឱ្យបានល្អិតល្អន់ច្បាស់លាស់ជាមុនសិនមុននឹងយកទៅផ្សព្វផ្សាយជាសាធារណៈ។
ឯកឧត្តម បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាវាគ្មិន ក្នុងវគ្គបំពាក់បំប៉នស្ដីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំកាកបាទក្រហមខេត្តព្រៃវែង ដោយមានអ្នកសារព័ត៌មាន និងមន្ត្រីជំនាញសរុបប្រមាណជាង ៦០នាក់ មកពីមន្ទីរព័ត៌មានខេត្តព្រៃវែង, កណ្តាល, ស្វាយរៀង និងមន្ទីរព័ត៌មានរាជធានីភ្នំពេញ។
ឯកឧត្តម ទេព អស្នារិទ្ធបានគូសបញ្ជាក់អំពីមុខងារបច្ចេកវិទ្យាAIថា ជាជំនួយការរបស់មនុស្សលើការងារច្រើនប្រភេទ ក្នុងនោះវាអាចជួយសរសេរ អានអត្ថបទ បកប្រែភាសា ស្រាវជ្រាវ ផលិតរូបភាពសម្រាប់ការងារផ្សព្វផ្សាយមួយមួយចំនួន ព្រមទាំងមុខងារផ្សេងទៀត ដែលមនុស្សអាចប្រើប្រាស់វា ដើម្បីសម្រួលការងារប្រចាំថ្ងៃ។
ទោះជាយ៉ាងណាក៏ដោយ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក៏បានជះឥទ្ធិពលជាអវិជ្ជមានដោយសារតែការប្រើប្រាស់នេះ ខុសគោលដៅ និងក្នុងចេតនាទុច្ចរិត។
ឯកឧត្តមបានលើកឡើងថា ក្នុងកំឡុងពេលមានបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ក្រុមជ្រុលនិយមបានប្រើប្រាស់ AI ដើម្បីផលិតព័ត៌មានក្លែងក្លាយជាច្រើន ក្នុងគោលបំណងបង្កភាពវឹកវរ ភាពច្របូកច្របល់ ក្នុងសាធារណមតិ មួលបង្កាច់ និងបង្ខូចកេរ្តិ៍កម្ពុជាក្នុងបញ្ហាជម្លោះព្រំដែន។
សូមបញ្ជាក់ថា បញ្ញាសិប្បនិម្មិត (AI) គឺសំដៅទៅលើ ប្រាជ្ញារបស់ម៉ាស៊ីន ឬ ប្រព័ន្ធកុំព្យូទ័រ ដែលត្រូវបានបង្កើតឡើងដើម្បី ត្រាប់តាម សមត្ថភាព និងសកម្មភាពនៃ ប្រាជ្ញារបស់មនុស្ស។ ម៉្យាងវិញទៀត AI គឺជាបច្ចេកវិទ្យាដែលធ្វើឱ្យម៉ាស៊ីនមានសមត្ថភាពអាចរៀនតាមរយៈការបញ្ចូលទិន្នន័យដើម្បីឱ្យវាអាចសិក្សានិងប្រើប្រាស់តាមលំនាំនៃទិន្នន័យទាំងអស់នោះ៕