លោក គង់ វិបុល និងលោក ឃួង ស្រេង អញ្ជើញប្រកាសតែងតាំងលោក សិញ សេងហោ ជាប្រធានទីចាត់ការពន្ធដាររាជធានីភ្នំពេញ និងលោក ស៊ុន វុទ្ធី ជាប្រធានសាខាពន្ធដារខណ្ឌ៧មករា
(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នារសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥នេះបានអញ្ជើញប្រកាសតែងតាំងប្រធានទីចាត់ការពន្ធដាររាជធានីភ្នំពេញ និងប្រធានសាខាពន្ធដារខណ្ឌ៧មករា។
ពិធីនេះធ្វើឡើងនៅអគ្គនាយកដ្ឋានពន្ធដាថ្មី ក្នុងខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ។ លោក សិញ សេងហោ ជាប្រធានទីចាត់ការពន្ធដាររាជធានីភ្នំពេញ និងប្រកាសតែងតាំងលោក ស៊ុន វុទ្ធី ជាប្រធានសាខាពន្ធដារខណ្ឌ៧មករា។
លោក ឃួង ស្រេង បានថ្លែងថា ការប្រកាសតែងតាំងប្រធានទីចាត់ការពន្ធដាររាជធានីភ្នំពេញ និងប្រធានសាខាពន្ធដារខណ្ឌ៧មករានាពេលនេះ ធ្វើឡើងជាធម្មតា សំរាប់អាជីពមន្ត្រីរាជការ ទៅតាមនីតិវិធីកំណត់ដោយច្បាប់។ ជាក់ស្តែងចំពោះការប្រកាសតែងតាំងអ្នកទាំង២នាពេលនេះ គឺដើម្បីបន្តអនុវត្តការងារកាន់តែល្អថែមទៀត ក្នុងការរកចំណូលថវិកាពីអ្នកជាប់ពន្ធចូលជាថវិការដ្ឋ។
លោក ឃួង ស្រេង ក្នុងឱកាសនោះ បានសូមឱ្យប្រធានទីចាត់ការពន្ធដាររាជធានីភ្នំពេញ និងប្រធានសាខាពន្ធដារខណ្ឌ៧មករា បញ្ចេញឱ្យអស់ចំណេះដឹង ក្នុងការប្រមូលពន្ធ កែទម្រង់ខាងក្នុង ធានាអភិបាលកិច្ចល្អ និងគ្មានកំហុសឆ្គង។
លោក ឃួង ស្រេង បានណែនាំប្រធានទីចាត់ការពន្ធដាររាជធានីភ្នំពេញ និងប្រធានសាខាពន្ធដារខណ្ឌ៧មករា ត្រូវបម្រើសេវាជូនអ្នកជាប់ពន្ធឱ្យបានល្អ ទាំងពាក្យសំដី ទាំងការផ្តល់សេវា ដើម្បីរកចំណូលចូលរដ្ឋ។
លោក ឃួង ស្រេង ក៏បានផ្តាំផ្ញើថា ក្នុងនាមជាមន្ត្រីរាជការ បម្រើសេវាអ្នកជាប់ពន្ធ ត្រូវបំពេញការងារនេះ ឱ្យបានល្អ ឱ្យបានលឿន និងមានតម្លាភាព។ ត្រូវដឹងខ្លួនថា យើងជាមន្ត្រីបំរើពលរដ្ឋ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋនោះទេ។
បន្ថែមពីនេះ លោក ឃួង ស្រេង ក៏បានស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ខណ្ឌ គាំទ្រជាមួយនឹងការសហការជាមួយសាខាពន្ធដាររាជធានីភ្នំពេញ ដើម្បីជម្រុញឱ្យការប្រមូលពន្ធ ពីអ្នកជាប់ពន្ធ បានរលូនស្របទៅតាមផែនការដែលបានកំណត់។
លោក គង់ វិបុល ក៏បានថ្លែងនូវការអរគុណចំពោះប្រធានទីចាត់ការពន្ធដាររាជធានីភ្នំពេញ និងប្រធានសាខាពន្ធដារខណ្ឌ៧មករា ចាស់ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការបំពេញការងារបានយ៉ាងល្អ ជូនអគ្គនាយកដ្ឋានពន្ធដារ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាល។
បន្ថែមពីនេះ លោក គង់ វិបុល នៅបានណែនាំឱ្យប្រធានទីចាត់ការពន្ធដាររាជធានីភ្នំពេញ និងប្រធានសាខាពន្ធដារខណ្ឌ៧មករា ដែលតែងតាំងថ្មីនេះ បន្តកិច្ចការងារនេះ ឱ្យបានកាន់តែល្អ ស្របតាមវិជ្ជាជីវៈ ធ្វើជាមន្ត្រីស្អាតស្អំរបស់រាជរដ្ឋាភិបាល មានសាមគ្គីភាពផ្ទៃក្នុងល្អ ដោយមិនត្រូវមើលរំលងពីកំហុសឆ្គងរបស់ខ្លួនឯង។ ក្នុងនាមជាមន្ត្រីបម្រើរាស្ត្រ ត្រូវបំរើសេវា ជូនអ្នកជាប់ពន្ធឱ្យបានល្អ ទាំងពាក្យសំដី ទាំងការផ្តល់សេវាជាដើម ឱ្យសមជាមន្ត្រីរបស់រាជរដ្ឋាភិបាល ដែលមានក្រមសីលធម៌ខ្ពស់ ក្មេង ឆ្លាតវៃ និងប៉ិនប្រសព្វ៕