ប្រធាធិបតីបារាំង នឹងតែងតាំងនាយករដ្ឋមន្ត្រីថ្មី ក្នុងរយៈពេល ៤៨ម៉ោងខាងមុខ
ការិយាល័យប្រធានាធិបតីបារាំង បាននិយាយកាលពីថ្ងៃពុធ (៨ តុលា) ថា លោកប្រធានាធិបតី Emmanuel Macron នឹងតែងតាំងនាយករដ្ឋមន្ត្រីថ្មីក្នុងពេល ៤៨ម៉ោងខាងមុខ ដោយបន្ថែមថា សមាជិកសភាភាគច្រើនបានជំទាស់នឹងការរៀបចំការបោះឆ្នោតសភាមុនអាណត្តិ ស្របពេលវិបត្តិនយោបាយដ៏អាក្រក់បំផុតរបស់បារាំង ក្នុងពេលជាច្រើនទសវត្សរ៍។
លោក Sebastien Lecornu ដែលជានាយករដ្ឋមន្ត្រីទី៥ របស់បារាំងក្នុងពេលត្រឹមតែ ២ឆ្នាំ បានស្នើលាលែងពីតំណែងនិងរដ្ឋាភិបាលរបស់លោក កាលពីថ្ងៃចន្ទកន្លងទៅ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រកាសគណៈរដ្ឋមន្ត្រីថ្មី ដែលក្លាយជារដ្ឋបាលមានអាយុកាលខ្លីបំផុតនៅបារាំងសម័យទំនើប។ ប៉ុន្តែតបតាមសំណើរបស់លោក Macron លោក Lecornu បានបើកការពិគ្រោះយោបល់ចុងក្រោយជាមួយមេដឹកនាំនយោបាយ ចាប់ពីក្រុមកណ្តាលនិយមឆ្វេង ទៅដល់ក្រុមកណ្តាលនិយមស្តាំ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិ។
ផ្អែកលើការសន្និដ្ឋានរបស់លោក Lecornu ការិយាល័យប្រធានាធិបតីបារាំង Elysee បាននិយាយថា “សមាជិកសភាភាគច្រើនប្រឆាំងនឹងការរំលាយសភា ហើយមានផ្លូវដែលអាចធ្វើទៅបានដើម្បីអនុម័តថវិកាត្រឹមថ្ងៃទី៣១ ខែធ្នូ ខាងមុខ”។ ការិយាល័យនេះបន្តថា “ផ្អែកលើមូលដ្ឋាននេះ ប្រធានាធិបតីបារាំង នឹងតែងតាំងនាយករដ្ឋមន្ត្រីថ្មីក្នុងពេល ៤៨ម៉ោងបន្ទាប់”។
លោក Lecornu មិនបាននិយាយឡើយថា នាយករដ្ឋមន្ត្រីបន្ទាប់អាចជានរណា ដោយបញ្ជាក់ច្បាស់ៗថា ការងាររបស់លោកបញ្ចប់ហើយ ចំណែករឿងបន្ទាប់គឺអាស្រ័យលើលោក Macron ជាអ្នកសម្រេចចិត្ត។ សេចក្តីថ្លែងការណ៍របស់ការិយាល័យ Elysee ក៏មិនបាននិយាយថាអ្នកណាអាចអង្គុយកៅអីនាយករដ្ឋមន្ត្រីថ្មីនោះដែរ៕