ចៅសង្កាត់រង គ្រប់គ្រង Facebook «សាលាសង្កាត់ ស្ទឹងមានជ័យ» ស្នើសុំបំភ្លឺចំពោះកំហុសឆ្គងដែលផ្សព្វផ្សាយខុស អំពីកាលបរិច្ឆេទផុតកំណត់លើមុខទំនិញ ដែលសមត្ថកិច្ចឆែកឃ្លាំងនៅក្នុងសង្កាត់របស់ខ្លួន
(ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងសារព័ត៌មានមួយចំនួន បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះប្រភពព័ត៌មាន ដែលផ្សព្វផ្សាយលើ Page Facebook ផ្លូវការរបស់ «សាលាសង្កាត់ ស្ទឹងមានជ័យ» អំពីប្រតិបត្តិការរបស់កម្លាំងគយ និងរដ្ឋាករកម្ពុជា ជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះពិនិត្យអនុលោមភាពពន្ធ ដោយឆែកឃ្លាំងស្តុកទំនិញប្រហិត និងផ្លែឈើមួយកន្លែង ក្នុងស្ថិតលើផ្លូវ៣៨សេ ភូមិទ្រាសង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥។
ការផ្ទុះការចាប់អារម្មណ៍នេះ ដោយសារកំហុសឆ្គងផ្នែកបច្ចេកទេសរបស់អ្នកគ្រប់គ្រង Facebook «សាលាសង្កាត់ ស្ទឹងមានជ័យ» ប្រើប្រាស់កម្មវិធី Google ដើម្បី Copy អក្សរចេញពីកំណត់ហេតុរបស់សមត្ថកិច្ចជំនាញ យកមកបង្ហោះលើ Facebook របស់ខ្លួន ដោយមិនមានការផ្ទៀងផ្ទាត់ឡើងវិញ ដែលធ្វើឱ្យខុសកាលបរិច្ឆេទផុតកំណត់ត្រឹមត្រូវ ពីឆ្នាំ២០២៧ មកឆ្នាំ២០២១ និងឆ្នាំ២០០៧ នាំឱ្យការរិះគន់លើសមត្ថកិច្ចជំនាញថា បណ្តែតបណ្តោយឱ្យទំនិញផុតសុពលភាពរហូតជិត២០ឆ្នាំ ចូលមកទីផ្សារកម្ពុជា ប៉ុន្តែតាមពិត ទំនិញនោះ ត្រូវផុតកាលកំណត់រហូតដល់ឆ្នាំ២០២៧ឯណោះទេ។
ដោយយល់ឃើញអំពីកំហុសឆ្គងរបស់ខ្លួន នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះ លោក ដុះ គឹមឈី ចៅសង្កាត់រង សង្កាត់ស្ទឹងមានជ័យទី១ និងជាអ្នកគ្រប់គ្រង Facebook «សាលាសង្កាត់ ស្ទឹងមានជ័យ» បានផ្តល់បទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន ដើម្បីបំភ្លឺជូនសាធារណជនបានជ្រាប កុំឱ្យមានការយល់ច្រឡំថែមទៀត។
លោកចៅសង្កាត់រងបានអះអាងថា នៅថ្ងៃដែលសមត្ថកិច្ចគយ និងរដ្ឋាករកម្ពុជាចុះឆែកឃ្លាំងទំនិញ ក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យទី១ លោកបានចូលរួមជាមួយសមត្ថកិច្ចដែរ និងបានថតរូប ថតកំណត់ហេតុ ដើម្បីផ្សព្វផ្សាយបន្តលើក Facebook របស់សាលាសង្កាត់ ដោយខ្ជិលវាយអត្ថបទក្នុងកំណត់ហេតុឡើងវិញ លោកបានប្រើប្រាស់កម្មវិធី Google ដើម្បី Copy អក្សរចេញពីកំណត់ហេតុ និងបង្ហោះក្នុង Facebook «សាលាសង្កាត់ ស្ទឹងមានជ័យ» ដោយមិនបានផ្ទៀងផ្ទាត់ល្អិតល្អិន់ឡើយ ទើបបង្កើតបានជាកំហុងឆ្គងបែបនេះ។
លោក ដុះ គឹមឈី ចៅសង្កាត់រង សង្កាត់ស្ទឹងមានជ័យទី១ លើកម្រាមដៃសំពះ សូមការអធ្យាស្រ័យចំពោះកំហុសឆ្គងនេះ និងស្នើឱ្យបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គម និងបងប្អូនសារព័ត៌មានមេត្តាជួយបំភ្លឺបន្ត ទៅកាន់សាធារណជន ដើម្បីកុំឱ្យមានការយល់ច្រឡំតទៅទៀត៕