គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាចូលរួម «វេទិការធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៥»

(ភ្នំពេញ)៖ ស្របតាមការអញ្ជើញពីសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានចាត់តាំង អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមក្នុង «វេទិការធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៥» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលមានការអញ្ជើញចូលរួមធុរជន និងវិនិយោគិនយ៉ាងច្រើនពីប្រទេសទាំងពីរ។
វេទិកាធុរកិច្ចនេះរៀបចំឡើងស្របតាម អនុស្សារណៈនៃការយោគយល់គ្នា រវាង សភាពាណិជ្ជកម្មកម្ពុជា និង សមាគមសហព័ន្ធធុកិច្ចវៀតណាមកម្ពុជា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីការចូលរួមជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយម វៀតណាម។ ជាមួយគ្នានេះ វេទិការនេះគឺជាកាលានុវត្តភាពសម្រាប់ឱ្យធុរជន និងវិនិយោគិន វៀតណាម និងកម្ពុជា ធ្វើការផ្សព្វផ្សាយពីផលិតផល និងសេវាកម្មរបស់ខ្លួន ហើយក៏ជាឱកាស ដើម្បីឱ្យប្រទេសទាំងពីរ បានជួបប្រាស្រ័យ ទាក់ទងគ្នាដោយផ្ទាល់ ដើម្បីស្វែងយល់ពីផលិតផល និងពង្រីកកិច្ចសហប្រតិបត្តិការអាជីវកម្ម និងវិនិយោគ។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង ឯកឧត្ដម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយក សភាពាណិជ្ជកម្មកម្ពុជា តាមរយៈទូរស័ព្ទលេខ៖ ០១២ ៧៧ ៨៨ ៧៩ ឬ អ៊ីមែល ៖ mengtechnguon@ccc.org.kh៕

You might also like