កងពលតូចដឹកជញ្ជូនលេខ៩៩ បានត្រៀមកម្លាំង និងសម្ភារៈរួចជាស្រេច ដើម្បីជួយសង្រ្គោះពលរដ្ឋរងគ្រោះដោយទឹកជំនន់ ឲ្យបានទាន់ពេលវេលា
កងពលតូចដឹកជញ្ជូនលេខ៩៩ បានត្រៀមកម្លាំង និងសម្ភារៈរួចជាស្រេចសម្រាប់ចុះជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារបញ្ហាគ្រោះមហន្តរាយនានាដែលកើតឡើងជាយថា ហេតុណាមួយ ជាពិសេសគ្រោះទឹកជំនន់តែម្តង។
តាមរយៈតេលេក្រាម នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ លោក ឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី មេបញ្ជាការរង និងជានាយសេនាធិការកងពលតូចដឹកជញ្ជូនលេខ៩៩ បានឲ្យដឹងថា បច្ចុប្បន្ននេះកងកម្លាំងរបស់កងពលតូចលេខ៩៩ បានកំពុងត្រៀមខ្លួន២៤ម៉ោងលើ២៤ម៉ោង ដើម្បីរងចាំបទបញ្ជា ស្របតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំ ឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញ របស់ក្រសួងការពារជាតិ និងបទបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងការពារជាតិ ដើម្បីចុះជួយអន្តរាគមន៍តាមគោលដៅ ដែលបងប្អូនប្រជាពលរដ្ឋជួបបញ្ហា និងតាមតម្រូវការផ្សេងៗជាដើម។
លោកឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី បានឲ្យដឹងទៀតថា កងពលពលតូចដឹកជញ្ជូនលេខ៩៩ បានរៀបចំមធ្យោបាយដឹកជញ្ជូនជាច្រើន ក្នុងនោះរថយន្តដុងហ្វេង ចំនួន៣០គ្រឿង រថយន្តជួសជុលចល័ត ២គ្រឿង រថយន្តស្ទួច១គ្រឿង អូប័រ១៣គ្រឿង ម៉ាស៊ីនបូមទឹកខ្នាតតូច២៦ និងធំគ្រឿង ម៉ាស៊ីនភ្លើង២គ្រឿង និងកម្លាំងបើកបរ និងសង្រ្គោះចំនួន២១៥នាក់ជាដើម។
សូមបញ្ជាក់ថា ក្រោយមានការណែនាំពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា កាលពីកន្លងទៅថ្មីៗនេះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំឧបករណ៍ និងសម្ភារៈគ្រប់ប្រភេទព្រមទាំងកម្លាំងដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ក្នុងពេលមានគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងជាយកថាហេតុណាមួយ៕