លោកឧកញ៉ា ស្រី ចាន់ថន អញ្ជើញចូលរួមពិធីបោះឆ្នោតស្ទាបស្ទង់មតិជ្រើសរើសបេក្ខជនក្រុមប្រឹក្សាសង្កាត់កំពង់សំណាញ់ អាណត្តិទី៦ ឆ្នាំ២០២៧
នាព្រឹកថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦
លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយសង្កាត់កំពង់សំណាញ់ បានអញ្ជើញចូលរួមក្នុងពិធីបោះឆ្នោតស្ទាបស្ទង់មតិ ដើម្បីជ្រើសរើសបេក្ខជនក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ក្រោមអធិបតីភាព ឯកឧត្តម គ្រុយ ម៉ាឡែន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់កំពង់សំណាញ់។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ ព្រមទាំងសមាជិក សមាជិកាគណបក្ស និងបេក្ខជនឈរឈ្មោះប្រកួតប្រជែងទាំង ២១រូប។
ក្នុងឱកាសនោះ ឯកឧត្តម គ្រុយ ម៉ាឡែន បានផ្តាំផ្ញើ និងណែនាំដល់បេក្ខជនទាំងអស់ឱ្យបន្តពង្រឹងស្មារតីឯកភាព សាមគ្គីភាពផ្ទៃក្នុង និងសហការគ្នាឱ្យបានល្អ ព្រមទាំងខិតខំចុះបំពេញការងារនៅតាមមូលដ្ឋាន ស្វែងយល់ពីបញ្ហាប្រឈម និងដោះស្រាយតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ ដើម្បីពង្រឹងទំនុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋ ក្នុងការត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខ។
គួរបញ្ជាក់ថា ការរៀបចំបោះឆ្នោតស្ទាបស្ទង់មតិនេះ គឺជាដំណើរការដ៏សំខាន់ក្នុងការជ្រើសរើសបេក្ខជនតំណាងគណបក្ស ដោយផ្អែកលើការគាំទ្រ សមត្ថភាព និងការជឿទុកចិត្តពីសំណាក់សមាជិកគណបក្សនៅក្នុងមូលដ្ឋាន។ ទោះបីជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ប្រព្រឹត្តទៅតាមប្រព័ន្ធសមាមាត្រក៏ដោយ ការរៀបចំបញ្ជីបេក្ខជនដែលមានសមត្ថភាព គុណសម្បត្តិ និងប្រជាប្រិយភាពក្នុងមូលដ្ឋាន នៅតែជាកត្តាសំខាន់ក្នុងការទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងការជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន។
សូមជម្រាបថា ដំណើរការបោះឆ្នោតស្ទាបស្ទង់មតិនាពេលនេះ បានប្រព្រឹត្តទៅដោយរលូន មានតម្លាភាព យុត្តិធម៌ និងមានសណ្តាប់ធ្នាប់ល្អ។ ក្នុងចំណោមបេក្ខជនឈរឈ្មោះប្រកួតប្រជែងសរុបចំនួន ២១រូប នឹងត្រូវជ្រើសរើសយកតែ ៧រូប ដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេ ដើម្បីបន្តដំណើរការតាមនីតិវិធីរបស់គណបក្ស។






