ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យមើលជាក់ស្តែងកិច្ចដំណើរការប្រតិបត្តិការទំនប់ និងការរក្សាទឹកទុកក្នុងអាងទឹកតាសាល ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ
នៅថ្ងៃពុធ ១រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានអញ្ជើញចុះពិនិត្យមើលជាក់ស្តែងកិច្ចដំណើរការប្រតិបត្តិការទំនប់ និងការរក្សាទឹកទុកក្នុងអាងទឹកតាសាលសម្រាប់ប្រើប្រាស់នារដូវប្រាំងខាងមុខ ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ អាងទឹកតាសាលត្រូវបានរក្សាទឹកទុកក្នុងអាងពេញបាន ១០០% (១៥០ លានម៉ែត្រគូប) ហើយបរិមាណទឹកនេះគឺរក្សាទុកសម្រាប់ការស្រោចស្រពដំណាំនារដូវប្រាំងខាងមុខ និងជាប្រភពទឹកសម្រាប់ផលិតទឹកស្អាតប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅតាមដងស្ទឹងព្រែកត្នោត។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ដែលបានយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងទឹកនៅតាមបណ្តាអាងទឹក និងសំណង់ស្ទាក់ទឹកសំខាន់ៗបានល្អប្រសើរ ជាពិសេសសម្រាប់កិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាទឹកជំនន់ និងគ្រោះរាំងស្ងួតកន្លងមក។
ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានណែនាំឱ្យក្រុមការងារមន្ទីរ បន្តយកចិត្តទុកដាក់តាមដានការព្យាករធាតុអាកាសនាចុងរដូវវស្សាខាងមុខ ប្រតិបត្តិការទំនប់ និងរក្សាទឹកទុកនៅតាមបណ្តាអាងទឹកសំខាន់ៗ ហើយរៀបចំផែនការក្នុងការប្រើប្រាស់ទឹកសម្រាប់បម្រើឱ្យពហុវិស័យឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់៕