ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារ រួមជាមួយប្រតិភូក្រុមបេសកកម្មធនាគារកូរ៉េ Eximbank ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ខេត្តបាត់ដំបង ដែលសម្រេចបានប្រមាណ ៩៩,៩៥%

នាថ្ងៃពុធ ១រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយលោក Bonhyun Koo នាយកធនាគារកូរ៉េ Eximbank ប្រចាំកម្ពុជាបានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ក្នុងភូមិសាស្រ្តស្រុករុក្ខគិរី ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ និងគណៈប្រតិភូបានជួបប្រជុំពិភាក្សា និងវាយតម្លៃវឌ្ឍនភាព នៃការងារបញ្ចប់ការសាងសង់គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ដែលមានសក្តានុពលផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់បង្កើនផលិតផលកសិកម្មនៅរដូវវស្សាប្រមាណ ៣៣0០០ហិកតា និងរដូវប្រាំងប្រមាណ ៤៥០០ ហិកតា ហើយក៏រួមចំណែកផងដែរក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់។
សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីប្រើរយៈពេលសាងសង់ប្រមាណ ៨៩ខែ ចាប់ផ្តើមអនុវត្តក្នុងខែមិថុនា ឆ្នាំ២០១៨ គ្រោងបញ្ចប់នៅចុងខែតុលា ឆ្នាំ២០២៥។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់គម្រោងមានដូចជា៖ ទី១)ទំនប់មេជាប្រភេទទំនប់ស្នូលដី ថ្មបំពេញ មានខ្នងលើទទឹង ៨ម៉ែត្រ កម្ពស់៦០ម៉ែត្រពីបាតទំនប់ និងមានប្រវែងសរុប ៦៥៤ម៉ែត្រ ទី២)សំណង់បង្ហៀរធ្វើពីបេតុងប្រវែងសរុប ៤១៤ម៉ែត្រ ដែលអាចដោះទឹកបាន ៨៥០ម៉ែត្រគូប/វិនាទី ទី៣)រូងទូនេលពង្វាងទឹករាងជាក្រចកជើងសេះ មានអង្កត់ផ្ចិត ៤ម៉ែត្រ ប្រវែងសរុប ៤៦២ម៉ែត្រ និងទី៤)សំណង់គ្រប់គ្រងទឹកជាប្រភេទសំណង់ប៉មមានទ្វារទឹកច្រើនថ្នាក់ ដែលមានទ្វារទឹកចំនួន ៥ និង ស្ពានសម្រាប់ឆ្លងទៅប៉មគ្រប់គ្រងទ្វារទឹកប្រវែង ៥៥ម៉ែត្រ ទទឹង ៣ម៉ែត្រ។ គិតត្រឹមថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៩៩,៩៥%។
ឯកឧត្តមអនុរដ្ឋលេខាធិការ ព្រមទាំងប្រតិភូក្រុមបេសកកម្មធនាគារកូរ៉េ Eximbank ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ ជាពិសេសក្រុមហ៊ុនសាងសង់ និងទីប្រឹក្សាបច្ចេកទេស ដែលបានខិតខំប្រឹងប្រែងបំពេញការងាររហូតសម្រេចបានលទ្ធផលជោគជ័យនាពេលនេះ៕

You might also like