គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យម្នាក់ស្លាប់ក្រោមកង់រថយន្តកុងតីន័រ និងម្នាក់ទៀត បញ្ជូនទៅពេទ្យសង្គ្រោះបន្ទាន់

ភ្នំពេញ ៖ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ទីតាំងកើតហេតុ ស្ថិតនៅក្រោមស្តុប ផ្លូវបំបែកជា៣ វិថីចោមចៅ កែងផ្លូវទ្រុងមាន់ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ គេបានឃើញរថយន្តកុងតីន័រ ១គ្រឿងបើកបរតាមបណ្តោយផ្លូវបេតុងទ្រុងមាន់ ខណ:យុវជនរងគ្រោះទាំង២ជិះម៉ូតូឌុបគ្នា តាមបណ្តោយវិថីចោមចៅ (ផ្លូវវេងស្រេង) ដោយជិះម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1M-1024 ឌុបគ្នាពីកើតទៅលិច ។

ប្រភពព័ត៌មានបានបញ្ជាក់ថា លុះមកដល់ចំណុចកើតហេតុ រថយន្តក៏បត់ឆ្វេងឆ្លងទៅផ្លូវចោមចៅ ឡើងបានពាក់កណ្តាលផ្លូវ ក៏ភាគីខាងម៉ូតូចាប់ហ្វ្រាំងមិនទាន់ ស្របពេលផ្លូវមានភ្លៀងរអិល ក៏ដួលម៉ូតូអូសចូលក្រោមកង់រថយន្តកុងតីន័រតែម្តង ខណ:ម្នាក់បានខ្ទាតចេញក្រៅ និងម្នាក់ទៀតខ្ទាតចូលទៅក្រោមកង់ ត្រូវបានរថយន្តកិនអូសជាច្រើនម៉ែត្រ បណ្តាលឲ្យស្លាប់ និងដាច់ជើង ។ យុវជនម្នាក់ទៀត ត្រូវបានរថយន្តសាម៉ុយ បញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយរងរបួសធ្ងន់ ។ (ក្នុងនោះតៃកុងរថយន្តបានគេចខ្លួនបាត់)

ប្រភពពីអ្នកស្គាល់គ្នាបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ វ៉ាន់ ដា ភេទប្រុស អាយុប្រមាណជាង២០ឆ្នាំ និងបុរសរងរបួសធ្ងន់ មានឈ្មោះ ឡុង អាយុប្រមាណ២០ឆ្នាំជាង ។

សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្ត ព្រមទាំងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

You might also like