ពលរដ្ឋប៉ាឡេស្ទីន រាប់ពាន់នាក់ត្រឡប់ទៅលំនៅឋានវិញនៅភាគខាងជើងហ្កាកហ្សា ដោយបានឃើញការបំផ្លិចបំផ្លាញនិងការសោកស្ដាយ
ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ បានចាប់ផ្តើមការដើរលើផ្លូវដ៏វែងឆ្ងាយពីភាគខាងត្បូងតំបន់ហ្កាហ្សាឆ្ពោះទៅកាន់ទីក្រុងហ្កាហ្សា បន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាននៅក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះកាលពីថ្ងៃសុក្រ។
ពលដ្ឋបានឃើញទីក្រុងរបស់ពួកគេស្ថិតនៅក្នុងភាពបាក់បែក ប៉ុន្តែបានធូរស្រាលក្នុងចិត្តដោយបានវិលត្រឡប់ទៅកាន់លំនៅឋានវិញ។
ប្រជាជនស្ទើរតែទាំងអស់នៅភាគខាងជើងតំបន់ហ្កាហ្សាត្រូវបានជម្លៀសខ្លួនចេញចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣ ដែលនាំឱ្យមានសង្រ្គាមរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ៊ុមព័ទ្ធហើយតំបន់នេះត្រូវបានពង្រាបទៅជាគំនរកម្ទេចកម្ទីថ្មក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ។
រូបភាពពីលើអាកាសបានបង្ហាញពីផ្ទៃដីដ៏ធំល្វឹងល្វើយ គ្មានអ្វីសោះក្រៅពីគំនរបាក់បែក។ គ្មានហេដ្ឋារចនាសម្ព័ន្ធ គ្មានអគ្គិសនី និងគ្មានទឹកប្រើប្រាស់។ ប៉ុន្តែសម្រាប់មនុស្សជាច្រើនដែលធ្វើដំណើរកាលពីថ្ងៃសុក្រ គ្មានមន្ទិលសង្ស័យនោះទេចំពោះការដែលបានវិលត្រឡប់ទៅវិញ។
លោក Ahmad Abu Watfa បាននិយាយថា «ខ្ញុំបួងសួងដល់ព្រះជួយឲ្យទុក្ខព្រួយបានធូរស្រាល ហើយឱ្យមនុស្សគ្រប់គ្នាបានត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ទោះបីជាផ្ទះត្រូវបានបំផ្លាញក៏ដោយ យើងនឹងត្រឡប់ទៅវិញ»។