ជំនន់ទឹកភ្លៀងលិចផ្លូវលេខ 44 ត្រង់ចំណុចអ្នកតាចិន ក្នុងក្រុងឧដុង្គម៉ែជ័យ អាជ្ញាធរណែនាំឱ្យពលរដ្ឋ ធ្វើដំណើរវាងជាបណ្តោះអាសន្ន
នៅថ្ងៃទី13 ខែតុលា ឆ្នាំ2026 បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងកាលពីយប់ថ្ងៃទី12 ខែតុលា បានបង្កឱ្យមានជំនន់ទឹកភ្លៀងជន់លិចផ្លូវលេខ 44 ត្រង់ចំណុចអ្នកតាចិន បណ្តាលឱ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរឆ្លងកាត់។
ទីតាំងរងផលប៉ះពាល់៖ ចំណុចអ្នកតាចិន ស្ថិតក្នុងភូមិចិនដាំម្លូ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
នៅព្រឹកថ្ងៃទី13 ខែតុលា ឆ្នាំ2026 លោក កុយ ព្រាបវឌ្ឍនៈ អភិបាលក្រុងឧដុង្គម៉ែជ័យ បានប្រកាសជូនដំណឹងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដោយអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរឆ្លងកាត់ផ្លូវលេខ 44 ត្រង់ចំណុចខាងលើ បង្កើនការប្រុងប្រយ័ត្ន។
ផ្លូវវាងដែលអាជ្ញាធរណែនាំ ៖
ធ្វើដំណើរតាមផ្លូវមុខវត្តវិហារខ្ពស់
បន្តឆ្ពោះទៅវិទ្យាល័យឧដុង្គ
រួចឡើងទៅផ្លូវជាតិលេខ 5 ចាស់ ។
អាជ្ញាធរបានបញ្ជាក់ថា ការជន់លិចនេះបង្កការលំបាកក្នុងការធ្វើដំណើរជាបណ្តោះអាសន្ន ដូច្នេះអ្នកបើកបរគួរជ្រើសរើសផ្លូវវាងដែលបានណែនាំ ដើម្បីចៀសវាងការជាប់គាំង ឬគ្រោះថ្នាក់ដែលអាចកើតមាន។
សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកធ្វើដំណើរតាមផ្លូវលេខ 44 មេត្តាប្រុងប្រយ័ត្ន និងតាមដានព័ត៌មានពីអាជ្ញាធរមូលដ្ឋាន មុនចេញដំណើរ ៕






