អាមេរិក និងចិន ឯកភាពក្របខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀង នៅមុនជំនួប លោក TRUMP និងលោក XI

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក បាននិយាយថា សហរដ្ឋអាមេរិក និងចិន បានយល់ព្រមលើក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយ ដែលនឹងត្រូវពិភាក្សានៅពេលដែលមេដឹកនាំប្រទេសនីមួយៗ ជួបគ្នានៅចុងសប្តាហ៍នេះ។
លោក Scott Bessent បានប្រាប់ទូរទស្សន៍ CBS ថា នេះរួមបញ្ចូលទាំង កិច្ចព្រមព្រៀងចុងក្រោយលើប្រតិបត្តិការអាមេរិករបស់បណ្ដាញសង្គមកម្សាន្ត TikTok និងការពន្យាពេលលើការគ្រប់គ្រងរ៉ែកម្ររបស់ចិន។
លោកក៏បាននិយាយផងដែរថា លោកមិនបានរំពឹងថាការដំឡើងពន្ធ១០០% លើទំនិញចិនដែលត្រូវបានគំរាមដោយប្រធានាធិបតីអាមេរិក Donald Trump នឹងចូលជាធរមាននោះទេ ខណៈប្រទេសចិននឹងបន្តការទិញសណ្តែកសៀងយ៉ាងច្រើនពីសហរដ្ឋអាមេរិក។
ប្រទេសទាំងពីរកំពុងស្វែងរកការជៀសវាងការកើនឡើងបន្ថែមទៀតនៅក្នុងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរលើពិភពលោក។
លោក Trump និងលោកប្រធានាធិបតីចិន Xi Jinping គ្រោងនឹងជួបពិភាក្សាគ្នានៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ នៅប្រទេសកូរ៉េខាងត្បូង។
លោក Bessent បានជួបជាមួយក្រុមមន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់របស់ចិននៅក្រៅកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅប្រទេសម៉ាឡេស៊ី ដែលលោក Trump កំពុងចូលរួមផងដែរ ជាផ្នែកមួយនៃដំណើរទេស្សនកិច្ចនៅតំបន់អាស៊ី។ ទីក្រុងប៉េកាំង បាននិយាយថាពួកគេមានការពិភាក្សាបែបស្ថាបនា៕

You might also like