សម្តេចធិបតី ប្រកាសធានាសុវត្ថិភាពចំពោះលោក អ៊ុ សំអាន និងបក្សពួកប្រសិនបើពួកគេទាំងនោះហ៊ានមកកម្ពុជា ដើម្បីនិយាយរឿងព្រំដែន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា នឹងធានាសុវត្ថិភាពរបស់លោក អ៊ុ សំអាន និងបក្សពួក ប្រសិនបើពួកទាំងនោះមកប្រទេសកម្ពុជា ដើម្បីយកឯកសារ និង ភស្តុតាងនានាពាក់ព័ន្ធនឹងព្រំដែនរវាងកម្ពុជា និងថៃ។
តាមរយៈបណ្តាញសង្គមហ្វេសបុកនិងឆាណែលតេលេក្រាម នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានលើកឡើងថា សម្តេចបានស្តាប់សាររបស់លោក អ៊ុ សំអាន ឆ្លើយតបនឹងការអញ្ជើញរបស់សម្តេចចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាត្រង់ទៅត្រង់មក ជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅកម្ពុជា ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់យើង ចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។
សម្តេចធិបតី បានលើកឡើងទៀតថា ក្នុងសាររបស់គាត់ប្រមាណ៨០នាទី ក្រៅពីនិយាយអំពីបញ្ហាដដែលៗ ដែលរូបគាត់តែងតែនិយាយនាពេលកន្លងមកដោយគ្មានមូលដ្ឋានច្បាស់លាស់ លោក អ៊ុ សំអាន មិនទាន់បានឆ្លើយតបជាក់លាក់ឡើយ ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្តេចនោះ។ ក្នុងន័យនេះសម្តេច ធិបតីបានយល់ឃើញថា លោកអ៊ុ សំអាន ហាក់ដូចជាមិនហ៊ានមកកម្ពុជាតាមការអញ្ជើញដើម្បីជជែកគ្នាដោយសារគាត់ខ្លាចស្លាប់ ឬគ្រោះថ្នាក់ដោយអាចមានគេលបបាញ់គាត់ ឬវ៉ៃគាត់បែកក្បាល (តាមសម្តីរបស់គាត់)។ គាត់ថាបើជួបនៅក្រៅប្រទេសគឺគាត់ជួប។
ពាក់ព័ន្ធការខ្លាចរបស់លោក អ៊ុ សំអាននេះ សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ពាក់ព័ន្ធនឹងសុវត្ថិភាពរបស់លោក អ៊ុ សំអាន និងក្រុមការងារ ខ្ញុំសូមបញ្ជាក់សាជាថ្មី នូវការធានាអំពីសុវត្ថិភាពរបស់លោក និងក្រុមរបស់លោក ក្នុងអំឡុងពេល ដែលលោក និងក្រុមរបស់លោក មានវត្តមាននៅប្រទេសកម្ពុជា រហូតដល់លោក និងក្រុមរបស់លោក ចាកចេញផុតពីកម្ពុជា»។ សម្តេចបានបន្ថែមទៀតថា«បើលោកមិនទុកចិត្តខ្ញុំ និងរាជរដ្ឋាភិបាល លោកអាចពឹងពាក់អោយមានការជួយឃ្លាំមើលសុវត្ថិភាពរបស់លោកពីសំណាក់ស្ថានទូតបរទេសណាមួយនៅកម្ពុជា ឬអង្គការសង្គមស៊ីវិលណាដែលលោកទុលចិត្តបន្ថែមក៏បាន»។ បើសិនជា ខ្ញុំមានបំណងអាក្រក់អ្វីមួយចំពោះរូបលោក អ៊ុ សំអាន ខ្ញុំមិនមានការចាំបាច់ផ្តល់ការធានាជាសាធារណៈបែបនេះទេ ព្រោះបើមានអ្វីកើតឡើងចំពោះរូបលោក គឺខ្ញុំទេដែលជាអ្នកខាតធំជាងគេ ដោយនឹងត្រូវខាតបាត់នូវទំនុកចិត្តជាមេដឹកនាំ ក៏ដូចជារងការចោទប្រកាន់នានាផងដែរ»។
តាមរយៈបណ្តាញសង្គមនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានប្រាប់ទៅលោក អ៊ុ សំអាន និង បក្សពួកផងដែរថា ពាក់ព័ន្ធនឹងទីកន្លែងជជែកគ្នា ការកំណត់យកប្រទេសកម្ពុជាជាកន្លែងជជែកគ្នា គឺមានគោលដៅពីរ គោលដៅទី១ – គឺដើម្បីផ្តល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេស ជាអាធ៍អ្នកសារពត៌មាន តំណាងគណបក្ស អង្គការសង្គមស៊ីវិល និស្សិត បញ្ញវន្ត និងមហាជនខ្មែរ រួមទាំងអ្នកគាំទ្រលោក បានចូលរួមស្តាប់និងធ្វើជាសាក្សី នូវការជជែកគ្នានោះ។ ហេតុដូច្នេះ បើលោក អ៊ុ សំអាន នៅទុកចិត្តនិងផ្តល់តម្លៃអោយប្រជាពលរដ្ឋខ្មែរក្នុងប្រទេស លោកមិនគួរបដិសេធការជជែកគ្នានៅក្នុងប្រទេសកម្ពុជា លើកលែងតែលោកយល់ថាប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសមិនអាចទុកចិត្តបាន ឬមិនមានតម្លៃស្មើសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក។ គោលដៅទី២ គឺសម្តេចមិនចង់អោយការជជែកគ្នា បានត្រឹមតែជជែកនៅលើតុ ប្រើក្រដាស់រៀងៗខ្លួនតែប៉ុណ្ណោះទេ ព្រោះធ្វើបែបនេះវាអត់បានបញ្ជាក់អ្វីច្បាស់លាស់ និងដាច់ស្រេចឡើយ។ វានាំតែខាតពេលវេលា និងអាចអោយកាន់តែច្របូកច្របល់ក្នុងអារម្មណ៍ប្រជាពលរដ្ឋខ្មែរដែលតាមដានករណីនេះ។ ក្នុងករណីដែលការជជែកគ្នានៅលើតុ មិនច្បាស់លាស់ និងដាច់ស្រេច មានតែការផ្ទៀងផ្ទាត់ជាក់ស្តែងនៅលើដីទេទើបអាចផ្តល់ភាពច្បាស់លាស់បាន។ ហេតុដូច្នេះ មានតែការជជែកគ្នានៅក្នុងប្រទេសកម្ពុជាទេ ទើបអនុញ្ញាតអោយយើងចុះទៅផ្ទៀងផ្ទាត់នៅលើដីជាក់ស្តែងក្នុងករណីចាំបាច់។
ជាមួយគ្នានោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានបង្ហាញក្តីសង្ឃឹមថាលោក អ៊ុ សំអាន និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជា តាមការអញ្ជើញរបស់សម្តេច ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់យើង ចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។ នេះក៏ជាការបង្ហាញអំពីកម្រិតនៃការទុកចិត្តនិងការផ្តល់តម្លៃរបស់លោក អ៊ុ សំអាន ចំពោះប្រជាពលរដ្ឋខ្មែរក្នុងប្រទេសផងដែរ៕






