នាយករដ្ឋមន្ត្រីកាណាដា នឹងជួបជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង នៅចុងសប្តាហ៍នេះ

គូឡាឡាំពួ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) បាននិយាយនៅថ្ងៃចន្ទនេះថា លោកនឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅចុងសប្តាហ៍នេះ ហើយបានត្រៀមខ្លួនរួចជាស្រេចក្នុងការអង្គុយចរចាពាណិជ្ជកម្មជាមួយលោក ដូណាល់ ត្រាំ ភ្លាមៗនៅពេលដែលប្រធានាធិបតីអាមេរិករូបនេះត្រៀមរួចរាល់ដែរ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងគូឡាឡាំពួ លោក Carney បានបញ្ជាក់ថា លោកនឹងបដិសេធរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មណាដែលមិនផ្តល់ផលប្រយោជន៍ដល់ប្រជាជនកាណាដា។
ការលើកឡើងរបស់លោកធ្វើឡើង បន្ទាប់ពីលោក ត្រាំ បានប្រកាសកាត់ផ្តាច់កិច្ចចរចាពាណិជ្ជកម្មជាមួយកាណាដាកាលពីថ្ងៃព្រហស្បតិ៍ និងបានប្រកាសដំឡើងពន្ធបន្ថែម ១០% លើទំនិញកាណាដាកាលពីថ្ងៃសៅរ៍។
លោក Carney បានបញ្ជាក់ថា «យើងត្រៀមខ្លួនរួចជាស្រេចក្នុងការអង្គុយពិភាក្សាជាមួយសហរដ្ឋអាមេរិក…នៅពេលដែលសហរដ្ឋអាមេរិកត្រៀមខ្លួនរួចរាល់ដែរ»។ ទោះជាយ៉ាងណា លោក ត្រាំ បានបញ្ជាក់ច្បាស់ៗនៅថ្ងៃចន្ទដែរថា លោកគ្មានបំណងជួបជាមួយលោក ខានី នោះទេ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកាណាដារូបនេះ មកកាន់តំបន់អាស៊ី គឺដើម្បីព្យាយាមពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខ ក្នុងពេលដែលប្រទេសរបស់លោកកំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកខ្លាំងពេកទៅលើសហរដ្ឋអាមេរិក និងកំណត់គោលនយោបាយការបរទេសរបស់ខ្លួនឡើងវិញ ដើម្បីស្វែងរកទីផ្សារថ្មីៗ៕

You might also like