អាស៊ាន ជំរុញមីយ៉ាន់ម៉ា ឱ្យបញ្ឈប់”អំពើហិង្សាមិនរើសមុខ” ដោយបញ្ជាក់ឡើងវិញនូវផែនការសន្តិភាព ៥ចំណុច

យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ (២៦ តុលា) កន្លងទៅ បានឱ្យដឹងថា បណ្ដារដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានអំពាវនាវឱ្យភាគីទាំងអស់នៅសហភាពមីយ៉ាន់ម៉ា ត្រូវតែបញ្ឈប់ជាបន្ទាន់នូវ “អំពើហិង្សាដោយមិនរើសមុខ” និងចាត់វិធានការជាក់ស្តែងឆ្ពោះទៅរកសន្តិភាព ដោយគូសបញ្ជាក់ជាថ្មីម្ដងទៀតនូវផែនការសន្តិភាព ៥ចំណុចរបស់ប្លុក។
ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកាលពីថ្ងៃអាទិត្យនោះ ក្រុមរដ្ឋមន្ត្រីអាស៊ានបានរិះគន់ខ្លាំងៗលើការបន្តវាយប្រហារជនស៊ីវិល ទីកន្លែងសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធ ដោយព្រមានថា ជម្លោះដែលកំពុងតែកើនឡើងនេះ បានធ្វើឱ្យស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ទៅៗនៅទូទាំងមីយ៉ាន់ម៉ា។
បណ្ដារដ្ឋមន្រ្តីបានជំរុញឱ្យគ្រប់ភាគីអនុវត្តការអត់ធ្មត់ជាទីបំផុត ការពារជនស៊ីវិល និងបង្កើតលក្ខខណ្ឌសមស្របសម្រាប់ការទទួលបានជំនួយមនុស្សធម៌ និងកិច្ចសន្ទនានយោបាយប្រកបដោយបរិយាបន្ន។
ក្នុងសេចក្តីថ្លែងការណ៍រួម ក្រុមរដ្ឋមន្ត្រីអាស៊ានបានអះអាងសារជាថ្មីនូវមតិឯកច្ឆ័ន្ទប្រាំចំណុច — ដែលជាផែនទីបង្ហាញផ្លូវសន្តិភាពឆ្នាំ២០២១ របស់ប្លុក — ថាជាក្របខណ្ឌចម្បងសម្រាប់ការដោះស្រាយវិបត្តិនយោបាយរបស់មីយ៉ាន់ម៉ា។ ផែនការនេះអំពាវនាវឱ្យបញ្ចប់អំពើហិង្សា ការតែងតាំងប្រេសិតពិសេស និងកិច្ចសន្ទនាក្នុងចំណោមភាគីទាំងអស់៕

You might also like