កេនយ៉ា ៖ ធ្លាក់យន្តហោះធុនតូចមួយ សម្លាប់មនុស្ស១១នាក់ ក្នុងនោះមានភ្ញៀវទេសចរបរទេស១០នាក់

(ណៃរ៉ូប៊ី)៖ ក្រុមហ៊ុនអាកាសចរណ៍ Mombasa Air Safari បានប្រកាសថា មនុស្ស ១១នាក់ ក្នុងនោះរួមមានភ្ញៀវទេសចរបរទេសចំនួន ១០នាក់ បានស្លាប់កាលពីព្រឹកព្រលឹមថ្ងៃអង្គារ នៅពេលដែលយន្តហោះធុនតូចមួយគ្រឿងបានធ្លាក់នៅក្នុងតំបន់ឆ្នេរនៃខោនធី ក្វាលេ (Kwale County) ខណៈកំពុងធ្វើដំណើរឆ្ពោះទៅកាន់ឧទ្យានជាតិ ម៉ាសៃ ម៉ារ៉ា (Maasai Mara)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។
ក្រុមហ៊ុនអាកាសចរណ៍ Mombasa Air Safari បានបញ្ជាក់ថា យន្តហោះដែលមានលេខចុះបញ្ជី 5Y-CCA នោះ បានដឹកអ្នកដំណើរជនជាតិហុងគ្រី ៨នាក់, ជនជាតិអាល្លឺម៉ង់ ២នាក់ និងអ្នកបើកបរជនជាតិកេនយ៉ាម្នាក់។ យន្តហោះបានហោះចេញពីក្រុងរមណីយដ្ឋានទេសចរណ៍ Diani។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនបានបញ្ជាក់ថា «ជាអកុសល មិនមានអ្នកណាម្នាក់នៅរស់រានមានជីវិតឡើយ» ហើយបានបន្ថែមថា ខ្លួនបានបង្កើតក្រុមឆ្លើយតបបន្ទាន់មួយ ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ។
គួរបញ្ជាក់ថា ក្រុមជួយសង្គ្រោះត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុភ្លាមៗ ហើយកម្ទេចយន្តហោះត្រូវបានគេរកឃើញនៅរាយប៉ាយនៅតំបន់ភ្នំមួយ។ អាជ្ញាធរអាកាសចរណ៍កេនយ៉ាបានឱ្យដឹងថា ការស៊ើបអង្កេតរួមគ្នាមួយត្រូវបានចាប់ផ្តើម ដោយមានការចូលរួមពីតំណាងប្រទេសហុងគ្រី, អាល្លឺម៉ង់ និងក្រុមហ៊ុនផលិតយន្តហោះ ដើម្បីកំណត់ពីមូលហេតុនៃគ្រោះថ្នាក់នេះ៕

You might also like