លោក ត្រាំ ថាពេលវេលាមិនអំណោយផល សម្រាប់ការជួបលោក គីម ជុងអ៊ុន អំឡុងទស្សនកិច្ចនៅកូរ៉េខាងត្បូង 

(GYEONGJU, កូរ៉េខាងត្បូង)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃពុធនេះថា លោកមិនអាចលៃលកពេលជួបមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានទេ អំឡុងទស្សនកិច្ចនៅក្នុងប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ ២០២៥។

លោក ត្រាំ គូសបញ្ជាក់ដូច្នេះថា «ខ្ញុំស្គាល់លោក គីម ជុងអ៊ុន ច្បាស់ណាស់ ប៉ុន្តែយើងពិតជាមិនមានពេលគ្រប់គ្រាន់ទេ»។ នៅលើយន្តហោះ Air Force One លោក ត្រាំ និយាយទៀតថា «នៅពេលណាមួយ យើងនឹងទាក់ទងជាមួយកូរ៉េខាងជើង។ ខ្ញុំគិតថាពួកគេចង់ ហើយខ្ញុំក៏ចង់ដូចគ្នា»

ការបញ្ជាក់របស់ លោក ត្រាំ នាពេលនេះ បានបញ្ចប់មន្ទិលសង្ស័យអំពីលទ្ធភាពនៃជំនួបជាមួយលោក គីម ដែលត្រូវបានវែកញែក តាំងពីមានការប្រកាសអំពីដំណើរទស្សនកិច្ចរបស់លោក មកកាន់តំបន់អាស៉ី។ តាមលោក ត្រាំ លោកមានបំណងបន្ធូរបន្ថយភាពតានតឹង រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង នៅពេលជួបលោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង សម្រាប់កិច្ចប្រជុំកំពូលមួយ៕

You might also like