លោក ដូណាល់ ត្រាំ រំពឹងទុកថាបញ្ហាជាច្រើននឹងត្រូវបានដោះស្រាយ នៅក្នុងកិច្ចប្រជុំកំពូលជាមួយលោក ស៊ី ជីនពីង

Air Force One៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា តាមការរំពឹងទុករបស់លោក គឺបញ្ហាជាច្រើននឹងត្រូវបានដោះស្រាយ នៅក្នុងកិច្ចប្រជុំកំពូល ជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង ក្នុងសប្តាហ៍នេះ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One តាមផ្លូវឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូង លោក ត្រាំ បាននិយាយដូច្នេះថា «ខ្ញុំគិតថា ពួកយើងនឹងមានកិច្ចប្រជុំដ៏ប្រសើរមួយ ជាមួយលោកប្រធានាធិបតីចិន ស៉ី ហើយបញ្ហាជាច្រើន នឹងត្រូវបានដោះស្រាយ»។
ទន្ទឹមគ្នានោះ លោកប្រធានាធិបតីអាមេរិក បានបន្ថែមថា រូបលោកមិនទាន់ច្បាស់នៅឡើយទេថា តើលោកនឹងជជែកអំពីកោះតៃវ៉ាន់ ដែលជាប្រធានបទដ៏រសើបបំផុតមួយ ជាមួយលោក ស៉ី អំឡុងជំនួបកំពូលនោះដែរឬអត់។
គួរបញ្ជាក់ថា លោក ត្រាំ និងលោក ស៉ី ត្រូវបានរំពឹងថា នឹងជួបពិភាក្សាគ្នាទ្វេភាគីអំពីបញ្ហាវិវាទពាណិជ្ជកម្ម រវាងកំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីរ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅក្រៅកិច្ចប្រជុំ APEC ដែលធ្វើឡើងនៅទីក្រុង Gyeongju របស់កូរ៉េខាងត្បូង។ វានឹងជាជំនួបទល់មុខលើកដំបូងបំផុត រវាងមេដឹកនាំទាំងពីរ គិតចាប់តាំងពីលោក ត្រាំ ត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីដើមឆ្នាំនេះ៕

You might also like