ក្មេងទំនើងមួយក្រុមប្រដាប់ដោយកាំបិតផ្គាក់ ដាវ ដុំឥដ្ឋ ដំបង និងដែកឆាបចុងស្រួច បានធ្វើសកម្មភាពដេញកាប់ទៅលើជនរងគ្រោះ បង្ក្រាបនិងឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាបន្តបន្ទាប់
កំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ៤នាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីហឹង្សាដោយចេតនា និងធ្វើអោយខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស។
កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ដោយយោងតាមបណ្តឹងរបស់ប្រជាពលរដ្ឋ ឈ្មោះ ម៉ុន ឡាយហៀង ភេទប្រុស អាយុ១៦ឆ្នាំ បានcall មកប្តឹងតាមរយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ (HoteLine)1292 ករណីហឹង្សារ(ដេញកាប់គ្នា) នៅចំនុចមុខមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិស្នោរទី២ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ដោយជនសង្ស័យមានគ្នាចំនួន០៩នាក់ ជិះម៉ូតូចំនួន៣គ្រឿង ប្រដាប់ដោយកាំបិតផ្គាក់ ដាវ ដុំឥដ្ឋ ដំបង និងដែកឆាបចុងស្រួចកាន់ជាប់និងដៃ បានធ្វើសកម្មភាពដេញកាប់ទៅលើជនរងគ្រោះ ប៉ុន្តែជនរងគ្រោះរួមនិងមិត្តភ័ក្តរបស់ខ្លួន បានរត់គេចខ្លួនទាន់ពេល ភ្លាមៗនោះក្រុមជនសង្ស័ទាំងនោះ បានធ្វើសកម្មភាពកាប់ទៅលើម៉ូតូជនរងគ្រោះបណ្តាលឱ្យខូចខាតចំនួន០២គ្រឿងផងដែរ។ដែលជនរងគ្រោះមាន ឈ្មោះ ម៉ុន ឡាយហៀង ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិទន្លាប់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្រោយពីបានទទួលនូវពាក្យបណ្តឹងពីជនរងគ្រោះ តាមរយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ (HoteLine)1292ភ្លាម នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជអាវុធខេត្តកំពង់ស្ពឺ សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានបើកប្រតិបត្តិការធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៤នាក់។
ជនសង្ស័យទី១-ឈ្មោះ មុត សេរីមន្ត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិក្រាំងមេត្រី ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ,ទី២-ឈ្មោះ ញឹប បញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរចាក់សាក់ ទីលំនៅបច្ចុប្បន្ន ភូមិក្រាំងមេត្រី ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ,ទី៣-ឈ្មោះ មិន កំសាន្ត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងទី៤-ឈ្មោះ ភី សុបញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ដោយឡែកបក្ខពួកជនសង្ស័យចំនួន០៥នាក់ទៀតកំពុងរត់គេចខ្លួន។
ចាប់យកវត្ថុតាងរួមមាន:កាំបិតផ្កាក់ចំនួន០៤ដេីម,ដាវចំនួន០១ដេីម និងដែកឆាបចុងស្រួចចំនួន០១ដេីមថែមទៀតផង។
ជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕






